ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូចេញពីលេងផ្ទះបងប្អូន ត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកកៀរបណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រធ្វើឱ្យជនរងគ្រោះបោកក្បាលនៅនឹងផ្លូវយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្បែរភ្លើងស្តុបផ្សារទំនើបអុីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONDA CLICK ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1W-0858 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះជិះមកថល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមិនចាំម៉ាក មួយគ្រឿងបានបេីកបរស្របគ្នាកៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលហើយអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកឯម្ចាស់ម៉ូតូដួលបោកក្បាលនៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម រួចរថយន្ដបង្កបានបន្តបេីករត់គេចបាត់ស្រមោល ហើយភ្លាមៗនោះដែរក៏មានពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការណ៍ទៅមន្ត្រីជំនាញចរាចរណ៍បន្តឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖