ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្រែកហៅប្រពន្ធឲ្យជួយខណៈឆ្លងចរន្តអគ្គិសនីឆក់ប៉ុន្តែប្រពន្ធជួយមិនទាន់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅពេលដែលបុរសរងគ្រោះរូបនេះបានរៀបចំខ្សែភ្លើងនិងម៉ូទ័របូមទឹកស្ទឹងខាងក្រោយផ្ទះ។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យបុរសម្នាក់ស្លាប់ខាងលើនេះ បាន ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចខាងក្រោយផ្ទះទឹកអូរសាបមាត់លើ ស្តិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថាបុរសរងគ្រោះឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខាងលើឈ្មោះ ភឹម សុខឃឿន អាយុ ៣២ឆ្នាំ បចុប្បន្នស្នាក់នៅត្រង់ចំនុចភូមិ-ឃុំកើតហេតុ ប្រកបមុខរបរជាជាងកែច្នៃឈើ ទីលំនៅអចិន្ត្រៃយ៍នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថាតាមការស្រាវជ្រាវពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះឈ្មោះ ពុំ កេសី អាយុ៣២ឆ្នាំ បានឲ្យដឹងថាប្តីរបស់គាត់(ជនរងគ្រោះ)ក្រោយសម្រាកការងារគាត់បានយកម៉ូទ័ររៀបចំបូមទឹកដាក់ធុងដើម្បីទុកប្រើប្រាស់ ប៉ុន្តែជាអកុសល ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ប្រពន្ធជនរងគ្រោះបញ្ជាក់បន្តថានៅពេលគាត់យកម៉ូទ័រទៅដាក់ក្នុងទឹកអូរខាងក្រោយផ្ទះ រួចគាត់បានបន្លាយខ្សែភ្លើងចេញពីម៉ូទ័រដើម្បីយកមកដោតនិងព្រីភ្លើងក៏ត្រូវឆ្លងចរន្តអគ្គីសនីឆក់តែម្តង គ្រានោះប្តីរបស់គាត់បានស្រែកមួយម៉ាត់ដែរថាជួយផងខណៈនោះគាត់មិនហៀនចូលជួយទេ ដោយគាត់(ប្រពន្ធ) បានស្រែកហៅគេឯងឲ្យមកជួយតែវាយឺតពេលទៅហើយ។
ប្រភពដដែលបន្តទៀតថាករណីនេះអាចបណ្ដាលមកពីជនរងគ្រោះខ្លួនសើម ព្រោះគាត់ទើបឡើងពីទឹកក្នុងអូរម្យាងគាត់មិនពាក់ស្បែកជើងផងទៀត ចំណែកសាកសពសមត្តកិច្ចយើងជួយអន្តរាគមសម្រួលយករថយន្តមណ្ឌលសុខភាពប្រម៉ោយ ដឹកយកទៅចាត់ចែងតាមប្រពៃណីនៅឯស្រុកកំណើត ៕ ប៉ឹម ពិន