ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កុងតឺន័រ​បេីក​បុកម៉ូតូ​កិន​បុរស​ម្នាក់​ដាច់ខ្លួន​ជា​ពីរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈ​បេីក​បរ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​បណ្តាល​ដួល​ ហើយត្រូវរថយន្តមួយគ្រឿងទៀតជាន់​ហ្រ្វាំង​មិន​ជាប់​ជ្រុល​បុក​ម៉ូតូ​កិន​ជន​រងគ្រោះ​បណ្តាល​ឲ្យ​ខ្លួន​ដាច់​ជា​ពីរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​ ៣និង​៤០នាទី​រសៀល​ថ្ងៃ​ទី​០១​ខែ​មិថុនា​ ឆ្នាំ​២០២៥​នៅតាម​បណ្តោយ​មហា​វិថី​ឈ្នះ​ឈ្នះ​ ទល់​មុខ​ មន្ទីរ​ពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ស្ថិត​នៅ​សង្កាត់​គោក​រកា​រ ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។ 

សមត្ថកិច្ចបានឲ្យដឹងសព​ ឈ្មោះ ​កេន​ ឌី​ ​អាយុ​១៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ ​ស្ថិត​នៅ​សង្កាត់​គោក​រការ ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ ភូមិ​រវាំងជំ​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​ ។ 

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​ គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ធូដេរ​ពណ៌​​ផ្ទៃ​មេឃ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FN-6767ធ្វើដំណើរ​តាម​បណ្ដោយ​​ មហា​វិថី​ឈ្នះ​ឈ្នះ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ ​ហេីយ​ក៏​បាន​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យ​ដួល​ ហេីយ​ត្រូវ​រថយន្ត​កុងតឺន័រ​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-0094ដែល​បេីក​ពី​ក្រោយ​ជាន់​ហ្រ្វាំង​មិន​ជាប់​ក៏​ជ្រុល​បុក​កិន​ជន​រងគ្រោះ​ចំពាក់​កណ្តាល​បណ្តាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ រថយន្ត​ដែល​ប៉ះ​ជាមួយ​ម៉ូតូ​ជន​រងគ្រោះ​ ដំបូង​បាន​បេីក​គេច​ខ្លួន​បាត់​ ចំណែក​អ្នក​បេីក​បរ​ រថយន្ត​ដែល​បេីក​កិន​ជនរងគ្រោះ​ដោយ​ថា​ខ្លួន​មិន​ខុស​ មិន​ព្រម​រត់​ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ ប្រគល់​ទៅ​ផ្នែក​ជំនាញ​ផង​ដែរ​ ។ 

បន្ទាប់ពីកេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ចុះមកវាស់​វែង​នឹង​យក​ម៉ូតូ​ជន​រងគ្រោះ​ព្រម​ទាំង​រថយន្តទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​នៅពេលក្រោយ ។ចំណែក​សព​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖