ភ្នំពេញ៖ បុរសម្នាក់បើកលឿនដល់ផ្លូវកែងបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ខ្ទេច ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង៥០រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ ផ្លូវបេតុងអត់លេខ ក្រោយវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនច្បារអំពៅ ភូមិតាងូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក តូយ៉ូតា ស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY 0823 បានបេីកធ្វើដំណើរតាមផ្លូវបេតុង ក្រោយវិទ្យាល័យច្បារអំពៅ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវកែង អ្នកបេីកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកទម្លុះរបងផ្ទះប្រជាពលរដ្ឋ ដែលធ្វើពីបេតុង ដាក់ចម្រឹងដែក បណ្តាលឲ្យរងការខូចខាតអស់២ប្រឡោះ និងខូចសំយាបផ្ទះ ក៏ដូចជាធ្លាយទុយយោទឹកថែមទៀត ។
ដោយឡែករថយន្តវិញរងការខ្ទេចផ្នែកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់អ្នកបេីកបរ នោះទេ តែគ្រាន់តែអ្នកបេីកបរ បានបញ្ជាក់ថា រថយន្ដរបស់គាត់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកទម្លុះរបងផ្ទះតែម្ដងទៅ ។
បន្ទាប់ពីកេីតហេតុ មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយខាងរថយន្ត បានសងសំណងទៅខាងម្ចាស់ផ្ទះចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច