ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលចូលទៅធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋបម្រុងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះមកទាន់និងដេញតាម ក៏ត្រូវជនសង្ស័យទាញកាំបិតកាប់បណ្តាលឱ្យរងរបួសដៃម្ខាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម្តុំនោះ។
ការឃាត់ខ្លួនជនសង្ស័យជាចោរគាស់ទ្វារផ្ទះប្រុងលួចទ្រព្យសម្បត្តិនេះគឺធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់ដែលនគរបាលឃាត់ខ្លួននោះឈ្មោះ គា ឡុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះឈ្មោះ អុឹម សុភា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច រងរបួសកំភួនដៃឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
នគរបាលស្រុកភ្នំស្រួចបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័បានធ្វើសកម្មភាពគាស់ទ្វារមុខចូលដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះជាម្ម្ចាស់ផ្ទះបានសួរថា ឯងមករកអី? ស្រាប់តែជនសង្ស័យខាងលើបានរត់គេច ហើយជនរងគ្រោះជាម្ចាស់ ផ្ទះក៏បានរត់តាមរហូតមកទាន់នៅមុខផ្លូវចូលផ្សារពេជ្រនិល ពេលនោះជនសង្ស័យបានទាញកាំបិតកាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេងរងរបួស ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី ។
នគរបាលបញ្ជាក់ថា ពេលត្រូវឃាត់ខ្លួនបាន ស្ថានភាពរបស់ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយបណ្តាលឱ្យរងរបួសបែកក្បាលផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច