ខេត្តព្រះសីហនុ ៖ ជនសង្ស័យពាក់ព័ន្ធករណីសេពនិងចែកចាយថ្នាំញៀនចំនួន៣នាក់ត្រូវបានកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចក្រុម១៨ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ជុំវិញការចុះបង្ក្រាបក្រុមយុវជនសេព និងចែកចាយថ្នាំញៀននេះលោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនបានគូសបញ្ជាក់ថា នៅពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុបានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចក្រុម១៨ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស រដ្ឋា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់តូច មានទម្ងន់១,២៨ក្រាម ។
ក្រោយពីឃាត់ខ្លួនហើយសមត្ថកិច្ចបាននាំឈ្មោះ មាស រដ្ឋា ទៅឆែកឆេរបន្ទប់ផ្ទះ សំណាក់ Blue sky ក៏ប្រទះឃើញបក្ខ ពួករបស់គេចំនួន២នាក់ទៀតទី១-ឈ្មោះ ឆោម តារា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ និង២-ឈ្មោះ លឹម សុភក្រ្តា ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ហើយឆែកឆេរពុំមានរកឃើញអ្វីទេ រក
ឃើញតែសម្ភារសម្រាប់ជក់គ្រឿងញៀនប៉ុណ្ណោះ។
លោកបានបន្តថា បើទោះបីជាការបង្ក្រាបករណីគ្រឿងញៀននេះមានការលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ កម្លាំងជំនាញរបស់លោក បាននិងបន្តស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិ
វិធី៕ ឆ្លាមសមុទ្រ