ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូទាំងស្លន់ស្លោព្រោះខ្លាចគេតាមទាន់ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួលរងរបួសស្រាល ត្រូវប្រជាពលរដ្ឋចាប់ប្រគល់សមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសុធារស ទល់មុខX2 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះសុច ច័ន្ទបូរិន្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកវីស្ទុន ពណ៌កណ្ដុលប្រមះ គ្មានស្លាកលេខ។ ហើយប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ មានជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ និងជិះម៉ូតូមិនចាំស្លាកលេខ បានជិះម៉ូតូតាមបណ្ដោយផ្លូវសុធារស ទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចមុខខារ៉ាអូខេ X2 ក៏បានលើកទូរស័ព្ទនិយាយ ស្របពេលនោះជនសង្ស័យខាងលើបានជិះម៉ូតូមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ឋបានសម្រេចតែម្ដង ។
ប្រភដដែលបានបន្តទៀតថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់បានសម្រេចរួចហើយ ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញភ្លាមៗផងដែរ ដោយសារជនសង្ស័យមានការភ័យស្លន់ស្លោខ្លាំងពេកព្រោះខ្លាចគេតាមទាន់ ទើបរូបគេក៏បានជិះម៉ូតូជ្រុលចង្កូតទៅទៅបុកបង្គោលភ្លើងដែលមិនឆ្ងាយពីកន្លែងធ្វើសកម្មភាព បណ្ដាលឲ្យដួលត្រណាប់ត្រណិនរងរបួសស្រាល និងត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់តែម្ដង។ហើយជនរងគ្រោះក៏បានយកទូរសព្ឋរបស់ខ្លួនទៅវិញផងដែរ តែមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍មានសមត្ថកិច្ចនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបាននាំយកជនសង្ស័យនិងម៉ូតូដែលធ្វើសកម្មភាពទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ដើម្បីសួរនាំ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំចាត់ការតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ