ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃវត្តទួលទំពូង​វាយអ្នករើសអេតចាយបែកក្បាលខឹងរំខានពេលបុណ្យទាន

ចែករំលែក៖

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រមាណ១០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃសូត្រមន្តចូលកាន់បិណ្ឌទី១ នៅវត្តទួលទំពូង ខណ្ឌចំការមន ខណៈបានឃើញព្រះសង្ឃជាច្រើនអង្គគង់នៅវត្តនេះ ដេញវាយគ្រួសារក្រីក្រ ដែលប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានហេតុការណ៍នេះគេឃើញព្រះសង្ឃជាច្រើនអង្គ គ្រងស្បង់ជីពរ ចេញពីវត្តទួលទំពូង មកដេញវាយគ្រួសារក្រីក្រ ប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះព្រោះតែគ្រួសារទាំងនេះបង្កភាពរញ៉េរញ៉ៃដណ្តើមរើសសំបកដបទឹកសុទ្ធនិងកំប៉ុងទឹកក្រូចរំខានដល់ការធ្វើបុណ្យ ។ បន្ទាប់ពីបង្កហេតុរួចព្រះសង្ឃច្រើនអង្គទាំងនោះបានរត់ចូលកុដិអស់បាត់ទៅ នៅសល់នៅតែជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់អាយុជាង២០ឆ្នាំ ឈរយំយកដៃជូតឈាមតែម្នាក់។

ប្រជាពលរដ្ឋបានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលព្រះសង្ឃនៅក្នុងវត្តទួលទំពូងបានធ្វើបាបអ្នករើសអេតចាយ ដែលយករបងវត្តធ្វើជាទីជម្រកគ្រាន់រស់កំដរជីវិត។ក្នុងរដូវបុណ្យទានបែបនេះ គួរណាតែព្រះសង្ឃមានព្រះទ័យដាក់ទានទៅដល់ជនក្រីក្រ មិនគួរប្រើ អំពើហិង្សាដល់អ្នកក្របែបនេះឡើយ បើទោះបីអ្នកខ្សត់ទាំងនោះអត់ឃ្លានទៅរើសអេតចាយ បង្កការរំខានដល់ការធ្វើបុណ្យទានក៏ដោយ ៕ ប្រាថ្នា

f1 f2


ចែករំលែក៖