ខេត្តព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះដដែល បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ ហ៊ុន សែន រវៀងរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលវិទ្យាល័យរវៀង ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។
ដោយបានពិនិត្យមើលឃើញនូវសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា និងធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ សាងសង់អាគារស្នាក់នៅគ្រូ និងសិស្សានុសិស្ស២ខ្នង២ជាន់ ស្មើនឹង២០ បន្ទប់ ។
ចំណែក បឋមសិក្សារវៀង ដែលស្ថិតនៅក្នុងទីតាំងតែមួយជាមួយនឹងវិទ្យាល័យរវៀងនេះដែរ គឺផ្តល់ជូនអាគារសិក្សា១ខ្នង ២ជាន់១២បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ និងផ្នែកមតេយ្យសិក្សា ផ្តល់ជូនអាគារសិក្សា១ខ្នង ៣បន្ទប់ ។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះការការខិតខំយកចិត្តទុកដាក់សិក្សារបស់ក្មួយៗ។ សម្តេតេជោ នឹងបន្តខិតខំកសាងសាលារៀនអោយបានច្រើនថែមទៀត ដើម្បីក្មួយៗមានឱកាសបានសិក្សារៀនសូត្រ ជាពិសេសនៅតាមជនបទដាច់ស្រយាល ៕