ក្រោយការសាកល្បងគ្រាប់បែកបរមា ណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំង ពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាង ជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែ ការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាក់បំផុតដោយសារតែប្រទេសនេះទើប សាកល្បងគ្រាប់បែកបរមាណូ ។
គ្រោះមហន្តរាយទឹកជំនន់នៅកូរ៉េខាងជើងក្នុងភាគខាងជើងឆៀងខាងកើតបានបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួនជាច្រើន រយនាក់។ គឺជាគ្រោះធម្មជាតិដ៏ធំសម្បើមមួយពុំធ្លាប់មានឡើយនៅកូរ៉េខាងជើង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីភា្នក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែ យោងតាម អ.ស.ប. ជនរងគ្រោះស្លាប់ ដោយមហន្តរាយធម្មជាតិនេះមានចំនួន ១៣៨នាក់និងបាត់ខ្លួនចំនួន៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាង កូរ៉េខាងជើងនៅលើត្រើយម្ខាង និងជាមួយប្រទេសចិននិងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។
យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជា ជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់និងទីលំនៅសំរាប់ជ្រកកោន ពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិឋាននិងលំនៅរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះ ថ្ងៃទី២៩ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការ កាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ ១៩៤៥មក។ នេះជាការបញ្ជាក់បន្ថែម របស់ KCNA។
គឺជាលើកទីមួយដែរ ដែលទីភ្នាក់ងារព័ត៌ មានផ្លូវការកូរ៉េខាងជើងនេះបានផ្តល់តួលេខ ពីចំនួនប្រជាជនកូរ៉េខាងជើងដែលបាន គេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួន ចំនួន៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញ បានរាប់ឃើញរហូតទៅដល់១០៧.០០០នាក់។
ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាង តិច២៩.៨០០កន្លែង និងអគាររដ្ឋ៩០០ កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង ១៨០និងស្ពានជាង៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងនៅលើ បណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ឆ្លៀតទាំងលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងដែរ អំពីការ សន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីការរៀបចំស្តារនិងសាងសង់តំបន់រងមហន្ត រាយឡើងវិញ។
កូរ៉េខាងជើងគឺជាប្រទេសមួយដែលងាយ បំផុតក្នុងការប្រឈមមុខនឹងគ្រោះមហន្ត រាយធម្មជាតិ ពីព្រោះកូរ៉េខាងជើងមានការ ខ្វះខាតយ៉ាងសម្បើមនៅលើវិស័យហេដ្ឋា រចនាសម្ព័ន្ធនិងផែនការរៀបចំឲ្យបានត្រឹមត្រូវល្អនៅក្នុងប្រទេស ជាពិសេសការប្រឈម មុខទល់នឹងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំ។
មិនតែប៉ុណ្ណោះកូរ៉េខាងជើងគិតគូរតែនៅលើបញ្ហាមួយមុខគត់គឺមហិច្ឆតារបស់ខ្លួននៅក្នុងការសាងសង់កម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីផលិតគ្រាប់មីស៊ីលអន្តរទ្វីបដែល កូរ៉េខាងជើងត្រូវ ចំណាយធនធានយ៉ាង សម្បើមនៅក្នុងប្រទេសដោយពុំខ្ចីគិតពីជោគវាសនារបស់ប្រជាជនខ្លួនដែលជួបនឹង គ្រោះអត់ឃ្លានយ៉ាងខ្លាំងនោះទេ៕ ម៉ែវ សាធី