ព័ត៌មានទាន់ហេតុការណ៍៖

ឃើញស្បែកជើងមួយគូអណ្ដែតទឹកលូកដៃទៅទាញ ទើបដឹងថា មានមនុស្សស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ដឹកគោទៅលាងទឹកនៅមាត់ទន្លេ ប្រទះឃើញស្បែកជើងផ្ទាត់មួយគូអណ្ដែតលើផ្ទៃទឹក ក៏លូកដៃទៅទាញ ស្រាប់តែប្រទះឃើញមានជើងមនុស្សជាប់នៅស្បែកជើង ធ្វើឲ្យបុរសគង្វាលគោមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរត់ទៅប្រាប់ប្រជាពលរដ្ឋជិតខាង ព្រមទាំងលោកមេភូមិ នាំគ្នាចុះទៅស្រង់សាកសពជនរងគ្រោះ  ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

សមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ តាមការសន្និដ្ឋានជនរងគ្រោះអង្គុយលើមែកឈើធ្លាក់ចូលទៅក្នុងទឹក ខណៈកំពុងស្រវឹងស្រា ។ ជនរងគ្រោះឈ្មោះ រ៉ង់ រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនោភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

តាមការបំភ្លឺរបស់អ្នកជិតខាងជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងរាល់ថ្ងៃ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅរកត្រីជាមួយឈ្មោះ ទុយ ឆេង ដែលត្រូវជាប្អូនថ្លៃ ។ ពេលទៅដល់ជនរងគ្រោះមិនបានចុះទឹកដើម្បីនេសាទត្រីនោះទេដោយអង្គុយនៅលើគោកក្រោមដើមពុទ្រា ។

បន្ទាប់ពីនេសាទត្រីបានសម្រាប់ស្លរ បុរសជាប្អូនថ្លៃបានបបួលជនរងគ្រោះត្រឡប់ទៅផ្ទះវិញតែជនរងគ្រោះមិនបានទៅជាមួយនោះទេដោយនិយាយថា ហត់ណាស់ទៅមុនទៅ ។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ឈ្មោះ ជា លីដា ដឹកគោទៅលាងទឹកក៏ប្រទះឃើញស្បែកជើងផ្ទាត់អណ្ដែតនៅលើផ្ទៃទឹកទន្ទឹមគ្នាហើយក៏បានលូកដៃទៅទាញស្រាប់តែប្រទះឃើញជើងជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ៕ស្អាងជ័យ

aes-1 aes aes-2


ចែករំលែក៖