ភ្នំពេញ ៖ បណ្ណទទួលសេវាថែទាំសុខភាពចំនួនប្រមាណ១៦០០ត្រូវបានប្រគល់ជូនដល់អាជ្ញាធរ និងតំណាងសហគមន៍ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងទុរគតជនដែលរស់នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងពិធីសម្ពោធកម្មវិធីសេវាថែទាំសុខភាពប្រជាជនកម្ពុជា ។
លោក ឡី សុភាព ប្រធានអ្នកលក់ឱសថ កម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនបានបង្ហាញឲ្យដឹងថា កម្មវិធីសេវាថែទាំសុខភាពប្រជាជនកម្ពុជាបានបង្កើតឡើងដោយមានការពិភាក្សាយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នៃសាលារាជធានីភ្នំពេញ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងទុរគតជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទទួលបានសេវាថែទាំសុខភាពល្អប្រសើរ ។
ក្នុងនាមជាប្រធានគណៈកម្មាធិការយុវជនសេដ្ឋកិច្ចសាខាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផងដែរនោះ លោកបណ្ឌិត ឡី សុភាព បានបន្តឲ្យដឹងទៀតថា បណ្ណ ទទួលសេវាថែទាំសុខភាពដែលបានប្រគល់ជូនអាជ្ញាធរ និងតំណាងសហគមដើម្បី យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនិងទុរគតជនដែលរស់នៅនៅក្នុងរាជធានីភ្នំពេញនៅពេលនេះបានមកពីការចូលរួមឧបត្ថម្ភដោយថ្នាក់ដឹកនាំនិងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដោយក្នុងនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណនេះទាំងអស់អាចប្រើប្រាស់វាបានគ្រប់ ពេលវេលានៅតាមបណ្ដាមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែកចំនួន៤៤នៅ ទូទាំងរាជធានីភ្នំពេញ ។
លោក សុខ សុគន្ធ អគ្គនាយករងផ្នែកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិ បាលក៏បានបង្ហាញដឹងដែរថា ក្រៅពីផ្ដល់ ជូនបណ្ណទទួលសេវាថែទាំសុខភាពចំនួន ប្រមាណ១៦០០នេះដល់បងប្អូនប្រជាពល រដ្ឋក្រីក្រ និងទុរគតជនដែលរស់នៅក្នុងរាជធានីភ្នំពេញនោះ កម្មវិធីសេវាថែទាំសុខភាពប្រជាជនកម្ពុជាក៏មានគោលដៅពង្រីកការផ្ដល់បណ្ណនេះជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតឲ្យបានកាន់តែទូលំទូលាយ ពិសេសក្រសួងសុខាភិបាលក៏មានគម្រោងរៀបចំមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំង៤៤ នៅរាជធានីភ្នំពេញឲ្យក្លាយជាមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកដែលមានស្តង់ដារនៅ ពេលខាងមុខ ។
លោកបណ្ឌិត អៀង អូននី អភិបាលរង សាលារាជធានីភ្នំពេញ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកម្មវិធីសេវាថែទាំសុខភាពប្រជាជនកម្ពុជានេះក៏បានលើកឡើងឲ្យដឹងដែរថា ការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅកម្ពុជាមិន មែនជាការនៅស្ងៀមទ្រឹងនោះទេ តែការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាដើម្បីឲ្យមានសមធម៌សម្រាប់ប្រជាពលរដ្ឋតែងតែទទួលបាន ការយកចិត្តទុកដាក់ និងគិតគូរពី សំណាក់រាជរដ្ឋាភិបាលជានិច្ច។ជាក់ស្ដែងដូចជាកម្មវិធីសេវាថែទាំសុខភាពប្រជាជននៅពេលនេះ ពោលគឺមិនមែនជាការបង្កើតឡើងដោយចៃដន្យនោះឡើយ តែនេះជាការបង្កើតឡើងដោយបានគិតគូរយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់លើបញ្ហាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជា ពលរដ្ឋក្រីក្រ និងទុរគតជន។
លោកបណ្ឌិត អៀង អូននី ជឿជាក់ថា តាមរយៈកញ្ចប់សេវាថែទាំសុខភាពនេះនឹងអាចជួយដោះស្រាយបញ្ហាសុខភាព និងទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋក្រីក្រ និងទុរគតជនដែលទទួលបានបណ្ណនេះបានមួយផ្នែក ហើយលោកសង្ឃឹមផងដែរថា កម្មវិធីសេវាថែទាំសុខភាពនេះនឹងដំណើរការទៅមុខប្រកបដោយជោគជ័យ នឹងទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីគ្រប់ផ្នែក ពិសេសពីសំណាក់សប្បុរសជននានាកាន់ច្រើនឡើងជាក់ ជាមិនខានឡើយ ៕ ហេង សូរិយា