ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោផ្ញើសារបញ្ជាក់ទៅកាន់បក្សសង្គ្រោះជាតិថាស្រុកខ្មែរអត់មានវិបត្តិនយោបាយទេ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ បញ្ញាជាតិនៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារនយោបាយទៅកាន់បក្សប្រឆាំង ថា ស្រុកខ្មែរអត់មានវិបត្តិនយោបាយទេ ។

សម្ដេចតេជោបានបញ្ជាក់ថា សូមកុំ យកករណីបុគ្គលធ្វើជាករណីនយោបាយ ហើយសម្ដេចក៏បានផ្ដាំទៅបរទេសកុំឱ្យលូកដៃក្នុងរឿងនេះ រឿងរបស់ខ្មែរទុកឱ្យខ្មែរជាអ្នកដោះស្រាយ ។

សម្ដេចតេជោបានបញ្ជាក់សាជាថ្មីថា មិនអាចឱ្យអ្នកណាមួយបំផ្លាញស្ថិរភាព នយោបាយ សន្តិភាព និងសណ្ដាប់ធ្នាប់ សង្គមបានទេ ព្រោះសេចក្ដីត្រូវការរបស់ ប្រជាជននៅពេលនេះគឺសន្តិភាព សេចក្ដី ត្រូវការរបស់ប្រជាជនគឺស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមដើម្បី ការអភិវឌ្ឍ ។

គណបក្សសង្គ្រោះជាតិគ្រាដែលមេដឹកនាំរបស់ខ្លួនកំពុងប្រឈមទៅនឹងប្រព័ន្ធ តុលាការនោះបានចាត់ទុកស្ថានការណ៍ នយោបាយនៅកម្ពុជាមានភាពអួអាប់ និងចាត់ទុកស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្នថា កំពុងជួបវិបត្តិនិងទទូចម្តងហើយ ម្តងទៀតសុំចរចាជាមួយគណបក្សប្រជា ជនកម្ពុជាដើម្បីបញ្ចប់បញ្ហាទាំងអស់ ។

នៅចំពោះមុខនិស្សិតនិងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលសម្តេចតេជោបានប្រាប់ទៅកាន់សាធារណជនថា ប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយនោះឡើយប្រជាពលរដ្ឋកម្ពុជាកំពុងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីភាព ហើយដំណើរការនៃការចុះឈ្មោះបោះឆ្នោតក៏កំពុងដំណើរការទៅជាធម្មតានោះដែរ។ សម្តេចតេជោថា មាន វិបត្តិរបស់បុគ្គលដែលធ្វើខុសនឹងច្បាប់តែប៉ុណ្ណោះ ។

សម្តេចតេជោបានថ្លែងបញ្ជាក់យ៉ាង ដូច្នេះថា «សូមកុំយកករណីបុគ្គលធ្វើជា ករណីនយោបាយ ហើយកុំចាត់ទុកថាជា សកម្មភាពស្របច្បាប់នៃការបញ្ចេញមតិ ខ្ញុំសូមទូន្មានសាជាថ្មីកំហុសបុគ្គលមិន អាចយកអង្គការចាត់តាំងនយោបាយមួយ មកទប់ស្កាត់នោះទេ។ វប្បធម៌សន្ទនាធ្វើ ចំពោះតែរឿងណាដែលវាស្ថិតលើសមត្ថ កិច្ចនៃបក្សនយោបាយ ឬរដ្ឋាភិបាល ឬអ្វី ដែលត្រូវនិយាយគ្នា ប៉ុន្តែរឿងរ៉ាវរបស់អង្គណាអង្គហ្នុងត្រូវធ្វើដូចជាអង្គតុលាការត្រូវកាត់ទោសអ្នកដែលធ្វើខុស។ មួយប្រទេស ហ្នឹងគេកាត់អស់ប៉ុន្មានហើយមនុស្សប៉ុន្មាននាក់ដែលគេកាត់ទោស ហើយអ្នកឯងត្រូវ ដឹងថា កាត់ទោសហ្នឹងគឺអ្នកឯងធ្វើស្អី មិនមែនមនុស្សទាំងអស់គេដើរចាប់យកមកកាត់ទោសឯណា» ។

សម្តេចតេជោបានបន្ថែមថា «ខ្ញុំសូម បញ្ជាក់ថា នៅកម្ពុជាគ្មានវិបត្តិនយោបាយ និងគ្មានវិបត្តិផ្ទៃក្នុងទេ សម្រាប់ផ្ទាល់ខ្លួនរបស់អ្នកឯងវិបត្តិនិងក្រុមរបស់អ្នកឯងគឺជា រឿងរបស់អ្នកឯងដោះស្រាយជាមួយនឹងតុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្ស នយោបាយ ហើយក៏មិនមែនជាសមត្ថកិច្ច របស់រាជរដ្ឋាភិបាលនោះទេ។ រឿងណា ដែលទៅដល់តុលាការហើយជារឿងរបស់តុលាការ ខ្ញុំអត់ជ្រៀតជ្រែកបានទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមាន បក្សប្រឆាំងដែលមានគម្រោងធ្វើបាតុកម្មដើម្បីដាក់គំនាបសម្រាប់ការចរចាទាំងឡាយលើសំណុំរឿងរបស់មេដឹកនាំបក្ស ប្រឆាំង។ សម្តេចតេជោបញ្ជាក់ថា មិនអាច ឲ្យនរណាមួយបំផ្លាញសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សង្គមបាន ទេ ។ សេចក្តីត្រូវការរបស់ប្រជាជនពេលនេះគឺសន្តិភាព សេចក្តីត្រូវការរបស់ប្រជា ជនគឺស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីការអភិវឌ្ឍ ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា«កុំស្អីឡើងគំរាមធ្វើបាតុកម្ម! គំរាមគេធ្វើបាតុ កម្មដើម្បីចរចា អត់ផ្លូវទេអាពៅនិយាយគ្នាឲ្យច្បាស់ ។ ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយគ្នាឲ្យស្រួល បាតុកម្មចរចា! បើ ចរចាឆ្កែសុទ្ធហ្អា! ប្រាប់ឲ្យហើយ!»។

សូមបញ្ជាក់ថា បច្ចុប្បន្នគណបក្ស សង្គ្រោះជាតិកំពុងជួបស្ថានការណ៍អាក្រក់ដូចជាសំពៅអត់ក្តោងទៅហើយ ដោយ សារលោក សម រង្ស៊ី ប្រធានបក្សបាននិង កំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីសំណាញ់ច្បាប់ និងថ្នាក់ដឹកនាំបក្សជាច្រើនរូបត្រូវតុលាការផ្តន្ទាទោសដាក់ ពន្ធនាគារជាបន្តបន្ទាប់ និងខ្លះទៀតកំពុង ប្រឈមផ្លូវច្បាប់ ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់៨០ម៉ឺនរៀលពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។

ឆ្លើយតបស្ថានការណ៍អាក្រក់នេះគណបក្សប្រឆាំងមួយនេះកំពុងជួបជុំអ្នកគាំទ្រ របស់ខ្លួនជារៀងរាល់ថ្ងៃនៅទីស្នាក់ការក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ ក៏តែងបានទទូចចង់ចរចាជាមួយគណបក្ស ប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរ។ ទន្ទឹមនឹងចង់បានការចរចាបក្សនេះក៏បាន គំរាមធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការលើកលែងការចោទប្រកាន់ទាំងឡាយលើមេដឹកនាំបក្សរបស់ខ្លួនតែការគំរាមនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ចេញ វិធានការទប់ទល់ និងដាក់បទបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមកម្ចាត់សកម្មភាពដែលសម្តេចចាត់ទុកថាជាការបំផ្លាញស្ថិរភាពនិងភាពសុខសាន្តរបស់ប្រទេសជាតិ ៕ ហេង សូរិយា

 

t55555


ចែករំលែក៖