ខេត្តកំពង់ស្ពឺ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿ ងបានផ្តាច់ជីវិតបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយបានរត់គេចខ្លួនបាត់ បន្សល់តែសាកសពនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត លើផ្លូវជាតិលេខ៤ ចន្លេះគីឡូម៉ែត្រ លេខ៥៧-៥៨ ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោឃុតសុផលអធិការនគរបាលស្រុកសំរោងទងបានអោយដឹងថា តាមការសាកសួរសាក្សីបានបំភ្លឺថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ និងទីលំនៅ ដែលកំពុងដើរឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យស្លាប់នៅ កន្លែងកើតហេតុ ។
បន្ទាប់ពីបុករួច អ្នកបើកបរបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ។
ប្រភពបន្តរថយន្តបង្កមិនត្រូវបានស្គាល់ម៉ាក និងស្លាកលេខនោះទេ ហើយរហូតមកដល់ព្រឹកថ្ងៃដដែល ជនរង គ្រោះមិនត្រូវបានស្គាល់អត្តសញ្ញានៅឡើយ ដោយសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ។
ក្នុងនោះផងដែរ លោក អធិការ នគរបាលស្រុកសំរោងទង បានអំពាវនាវស្វែងរកសាច់ញាតិជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ខាងលើនេះដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជនរងគ្រោះមានភិនភាគ សម្បុរសណ្តែកបាយ ពាក់អាវដៃវែងក្រឡាការ៉ូ ស្លៀកខោខូវប៊យ ។
លោកបន្តថា ពេលនេះ សាកសពត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ៕ សេនាស័ក្តិ