ខេត្តត្បូងឃ្មំុៈ ស្រ្តី២នាក់មីង និងក្មួយបានស្លាប់យ៉ាងវេទនាបំផុត ដោយសារធ្លាក់ទឹកប្រឡាយ ខណៈទៅបេះកញ្ឆែត ។
ហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង ៣ និងម៉ោង៣,៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ចម្ងាយបប្រហែល ២៥០ម៉ែត្រ ខាងកើតភូមិគោល ឃុំរកាពប្រាំ ស្រុក_ខេត្តត្បូងឃ្មុំ ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មំុ ឡុង សារិន បានបញ្ជាក់ឲ្យដឹងថា ជនរងទី១ ឈ្មោះ កែវ ធារ៉ា ភេទស្រី អាយុ ២២ឆ្នាំ និង ទី២ ឈ្មោះ ចាន់ ស្រីធី ភេទស្រី អាយុ ១៥ឆ្នាំ (ត្រូវជាមីងនិងក្មួយ) មានទីលំនៅភូមិ8-15 ឃុំគរ ស្រុកត្បូងឃ្មុំ បានចុះបេះកញ្ឆែត នៅក្នុងប្រឡាយ ដែលមានទទឹង 2,50ម បណ្តោយប្រមាណ 2 គ.ម ជម្រៅទឹក 2,70 ម បណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់។
លោកបានបន្តថា បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះទាំងពីរនាក់ មកបេះកញ្ឆែតនៅកន្លែងកើតហេតុចន្លោះម៉ោង ៣.០០នាទី បន្ទាប់មកមានក្មេងឃ្វាលគោ បានឃើញ ក្មេងស្រីជំទង់ ចុះទៅបេះកញ្ឆែតនៅមាត់ប្រឡាយ ក៏រអិលជើងធ្លាក់ក្នុងទឹក ពេលឃើញដូច្នោះម្តាយមីងឈ្មោះ. កែវ ធារ៉ា បានស្ទុះទៅជួយចាប់សក់ ក៏រអិលជើងធ្លាក់ទឹកបណ្តាលនឲ្យលិចទៅក្នុងទឹកបាត់ទៅ. ក្មេងឃ្វាលគោឃើញដូច្នេះ ក៏រត់ទៅប្រាប់អ្នកបង់សំណាញ់ ដែលនៅឆ្ងាយពីទីនោះប្រហែល50 ម ហើយអ្នកបង់សំណាញ់ បានទូរស័ព្ទទៅប្រាប់បងប្អូនជនរងគ្រោះឲ្យមករាវរកជនរងគ្រោះ ក្នុងទឹកកន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិត មិនអាចជួយ សង្គ្រោះបានឡើយ។
លោកអធិការរងក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ករណីនេះក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុក សហការជាមួយគ្រូពេទ្យ ចុះស្រាវជ្រាវពិនិត្យសាកសព និងកន្លែងកើតហេតុ ឃើញថា សាកសព ពិតជាស្លាប់ដោយលង់ទឹកពិតមែន ៕ វណ្ណះ