ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ មានឈ្មោះទី១-ឈ្មោះ សុខ ប៊ុន ធឿន អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការទី២-ឈ្មោះ សម ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ទី៣-ឈ្មោះ ចយ ជីត អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ទី៤-ឈ្មោះ ស៊ិន កក្កដា អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ទី៥-ឈ្មោះ គុល ខឿន អាយុ៣៤ឆ្នាំ មុខរបរធ្វើចំការ និងទី៦ -ឈ្មោះ ចយ ឡុង អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ទី៧-ឈ្មោះ សំ ពិសិដ្ឋ អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ។
លោកឯក សេរី វុធ អធិការរងខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា កម្លាំងនគរបាលយើងបានបន្តសហការ និងកម្លាំងប៉ុស្ដិ៍មូលដ្ឋានក្នុងការ ដាក់គោលដៅដើម្បីត្រួតពិនិត្យលើមធ្យោបាយផ្សេងៗ តាម បណ្ដោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះឃើញក្រុមជនសង្ស័យបើកម៉ូតូ៣គ្រឿង ដោយមានការសង្ស័យ ទើបឃាត់ ត្រួតពិនិត្យរកឃើញក្រាមពណ៍សថ្លា ជាថ្នាំញៀន៤កញ្ចប់ ដែលជនសង្ស័យរក្សាទុក និងដកហូតម៉ូតូ៣គ្រឿងទី១-ម៉ាក គុប ពណ៍ទឹកប៊ិច គ្មានស្លាកលេខ និងទី២-ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ.ព.1- 3989 ទី៣-ម៉ាកស៊ុយស៊ូគីស្មាស់ ពាក់ស្លាកលេខភ្នំពេញ1BA-1062 ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ