ភ្នំពេញ: ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរីករាយក្នុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា បានធ្វើអោយអាជ្ញាធរ-សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធសាសនិក ។ ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅក៍បានដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពណាដែលមានចេតនាធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ។
វិធានការត្រៀមទប់ស្កាត់បង្ក្រាប បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាននេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្តមានលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ , លោករស់ សុភ័ក្ត អភិបាលរងខណ្ឌ , លោកថេង សុថុល អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ , មន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់សំដៅពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋានដោយណែនាំអោយកងកម្លាំងគ្រប់ប្រភេទត្រូវត្រៀមប្រចាំការគ្រប់គោលដៅទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ និងកម្ចាត់ចោលនូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ។
លោកអភិបាលបានសង្កត់ធ្ងន់ថា បន្ទាប់ពីតុលាការសម្រេចក្តីអោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប់ទោស៥ខែរួចមក ស្រាប់តែបុគ្គលរូបនេះមានចេតនាកេណ្ឌប្រជាពលរដ្ឋអោយចូលរួមធ្វើមហាបាតុកម្មគាំទ្រនូវទង្វើខុសច្បាប់របស់ខ្លួនដែលជារឿងរបស់បុគ្គល ហើយមានចេតនាបង្វែចូលទៅជារឿងនយោបាយទៅវិញ ។ ចេតនាបង្កអសន្តិសុខសង្គមរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះបានធ្វើអោយប្រមុខរាជរដ្ឋាភិបាលប្រតិកម្មភ្លាមៗដើម្បីឆ្លើយតបទៅនិងចេតនាអាក្រក់របស់គណបក្សប្រឆាំង ដោយចេញបញ្ជាអោយកងកម្លាំងគ្រប់ប្រភេទត្រៀមទប់ស្កាត់ បង្ក្រាប និងកម្ចាត់ចោលចំពោះជនទាំងឡាយណាដែលបង្កអសន្តិសុខ បំផ្លាញស្ថេរភាពសង្គម ទោះក្រោមរូបភាពណាក៍ដោយ…។
ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ សូមអោយកងកម្លាំងទាំងអស់ត្រូវអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ ៕ សណ្តោស