ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣៣គ្រួសារ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។
អំណោយដែលត្រូវប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ទាំង១៣គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ មី០១កេស ត្រីខ១០កំប៉ុង ឃីត ០១កញ្ចប់ (មុង១,ភួង១,ក្រមា១,សារុង១) និងថវិកា ៣ម៉ឺនរៀល។ ក្នុងនោះព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ ក៏បានឧបត្ថម្ភបន្ថែម នូវគ្រឿងឧបភោគបរិភោគ ០១កញ្ចប់ផងដែរ។
ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូពីការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះនានា។
លោកអភិបាល ក៏បានផ្តាំផ្ញើការយកចិត្តទុកដាក់ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលតែងបានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ គិតគូពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នា លោកអភិបាលក៏បានផ្តាំផ្ញើរដល់លោកតាលោកយាយចាស់ជរា និងបងប្អូនជនពិការទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕ ជីម ភារ៉ា ដង្កោ