ខេត្តកណ្តាលៈ ជនល្មើស២នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង គ្រាដែលជនល្មើសជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញគ្រឿងញៀននៅម្តុំមន្ទីរពេទ្យលោកសង្ឃវិញ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ, ម៉ូូតូ០១គ្រឿង, សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ថៃ ប៊ុនធល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក ម្នាក់ទៀតឈ្មោះ ឡឹក ម៉េងហ៑ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក។ ជនល្មើសទាំពីរនាក់ខាងលើមានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួនជនល្មើសខាងលើនេះសម្ថកិច្ចប៉ូលិសបានជិះម៉ូតូចេញល្បាតពីអធិការដ្ឋាននគរបាលស្រុកឆ្ពោះទៅភូមិសាស្ត្រឃុំក្រាំងយ៉ូវ ខណៈល្បាតដល់ចំណុចខាងលើបានប្រទះឃើញក្រុមជនល្មើសជិះម៉ូតូឌុបគ្នាគួឲ្យសង្ស័យក៏ធ្វើការឃាត់សុំត្រួតពិនិត្យប្រទះឃើញមានវត្ថុតាងថ្នាំញៀនឃាត់ខ្លួនក្រុមជនល្មើស និងឈានដល់ឆែកឆេរលំនៅដ្ឋានតាមការឯកភាពពីលោកព្រះរាជអាជ្ញាយកវត្ថុតាងបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
ជនល្មើសបានសារភាពថា ថ្នាំញៀនមួយកញ្ចប់ខាងលើនេះពួកគេបានទិញពីមេក្លោងនៅម្តុំមន្ទីរពទ្យលោកសង្ឃរាជធានីភ្នំពេញ ក្នុងតម្លៃ១០ម៉ឺនរៀល ដើម្បីយកទៅជួញដូរបន្ត៕ ស្អាងជ័យ