ភ្នំពេញ៖ អ្នកសរសេរអត្ថបទសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយក្នុងវិស័យកីឡាគប្បីព្យាយាមប្រើពាក្យបច្ចេកទេសឲ្យចំជាភាសាខ្មែរដើម្បីជៀសវាងមនុស្សជំនាន់ក្រោយចោទប្រកាន់ថ្នាក់ដឹកនាំកីឡានៅសម័យណាមួយដែលនាំឲ្យបាត់បង់ពាក្យពេចន៍ជាភាសាដើមរបស់ខ្លួន ។ នេះជាការ លើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីអ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយកីឡានៅទីស្នាក់ការ NOCC ។
លោកអគ្គលេខាធិការមានប្រសាសន៍ ថា រាល់សំណេររបស់អ្នកសារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយក្នុងវីស័យកីឡាធ្វើយ៉ាងណាព្យាយាមប្រើពាក្យបច្ចេកទេសនេះបន្តិចម្តងៗយូរទៅនឹងក្លាយជាទម្លាប់ទាំងអ្នក សរសេរ និងអ្នកអត្ថាធិប្បាយសម្រាប់ឲ្យ ក្មេងជំនាន់ក្រោយយកទៅប្រើតាម ម្យ៉ាងវិញទៀតធ្វើបែបនេះយើងបានរួមចំណែកលើកកម្ពស់ភាសាជាតិរបស់យើង ។
លោកបានបន្តទៀតថា ការព្យាយាម ប្រើពាក្យបច្ចេកទេសជាភាសាជាតិក្នុងវិស័យកីឡាឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការប្រើពាក្យបច្ចេកទេសជាភាសាបរទេស ដូច្នេះចាប់ពីពេលនេះតទៅទាំងអ្នកសរសេរអត្ថបទកីឡានិងអ្នកធ្វើអត្ថាធិប្បាយកីឡា ពិសេសអ្នកចាត់តាំងកម្មវិធីកីឡាក៏ត្រូវស្វែងយល់ពីប្រភេទកីឡានីមួយៗឲ្យបានច្បាស់ តើកម្មវិធីប្រកួតកីឡានីមួយៗយើងត្រូវដឹងអ្វីខ្លះគប្បីប្រើពាក្យពេចន៍ណាខ្លះ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ក្នុងនាមយើងជាអ្នកសរសេរអត្ថបទនិងជាអ្នកអត្ថាធិប្បាយមានតួនាទីបង្ហាញឲ្យ សាធារណជនបានយល់ពីកីឡាដែលអ្នកបាននិងកំពុងធ្វីអត្ថាធិប្បាយបើយជាអ្នកសរសេរវិញ គួរតែព្យាយាមប្រើពាក្យ សម្រាយដើម្បីឲ្យអ្នកអានអ្នកស្តាប់ងាយយល់ពីកីឡានោះ ។
គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយកីឡាខាងលើនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្រុមអ្នកសារព័ត៌មាននិងអ្នកធ្វើ អត្ថាធិប្បាយកីឡា ដោយមានសមាសភាពចូលរួមជាសិក្ខាកាមមានមន្ត្រីព័ត៌មានមកពីគ្រប់បណ្តាញផ្សព្វផ្សាយមានកាសែតវិទ្យុគេហទំព័រនិងមន្ត្រីរបស់សហព័ន្ធកីឡាជាតិ សរុបជិត១០០នាក់ ៕ សារីម