ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ក្រុមISបង្ហាញឃ្លីបវីដេអូពីសកម្មភាពហ្វឹកហាត់កុមារសម្រាប់សម្លាប់ចំណាប់ខ្មាំង

ចែករំលែក៖

នៅក្នុងឃ្លីបវីដេអូមួយដែលក្រុមISបានបង្ហោះដោយមានក្មេងប្រុសម្នាក់ដៃកាន់កាំភ្លើងខ្លីរួចបាញ់សំដៅក្បាលចំណាប់ខ្មាំងនៅក្នុងប្រទេសអីុរ៉ាក់។

សារព័ត៌មាន Daily Mail បានផ្សាយថា នៅក្នុងឃ្លីបវីដេអូខាងលើ ដែលក្រុមIS ផ្សព្វផ្សាយតាមអ៊ីនធើណេតកាលពីថ្ងៃទី ១៩ ខែកញ្ញា បង្ហាញឲ្យឃើញថា ក្មេងប្រុងសក់ពណ៌មាសត្រូវបានខ្មាន់កាំភ្លើងបង្រៀន ឲ្យចេះប្រើប្រាស់កាំភ្លើងខ្លីសម្រាប់សម្លាប់ចំណាប់ខ្មាំង។ ចុងបញ្ចប់នៃមេរៀនចំណាប់ ខ្មាំងត្រូវបានកុមារខាងលើបាញ់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ឃ្លីបវីដេអូ ខាងលើមានរយៈពេល១៥នាទីត្រូវបាន គេដឹងថា បានថត់នៅទីក្រុង Mosul ភាគខាងជើងប្រទេសអុីរ៉ាក់ ជាតំបន់ដែល គ្រប់គ្រងដោយក្រុមISជាច្រើនឆ្នាំកន្លងមក។ ខ្លឹមសារវីដេអូខាងលើបានបង្ហាញពីការសម្លាប់ចារកម្មដែលISចាប់បាននៅ ទីក្រុង Mosul ។

កាលពីខែសីហាកន្លងមកក្រុមISក៏បានផ្សព្វផ្សាយវីដេអូស្តីពីកុមារ៥នាក់មកពី ប្រទេសអង់គ្លេស អេហ្ស៊ីប ទួរគី ទុយនេស៊ី និងអ៊ុយបេគីស្ថាន បានប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់អ្នកទោស។

ការហ្វឹកហាត់កុមារសម្រាប់ធ្វើសកម្មភាពវាយប្រហារអត្តឃាតនិងសម្លាប់មនុស្ស គឺជាជំនាញរបស់ក្រុមIS។ កន្លងមកការ បំផ្ទុះគ្រាប់បែកអត្តឃាតដែលលាក់ទុកនៅក្នុងអាវក្នុងពិធីជប់លៀងរបស់ជនជាតិឃើដ នៅភាគអាគ្នេយ៍ប្រទេសទួរគីគឺជាកុមារទើប តែមានអាយុ១២ឆ្នាំប៉ុណ្ណោះមកពីក្រុម អ៊ិស្លាមIS។

ការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់ មនុស្ស៥១នាក់ធ្វើឲ្យមតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាស្នាដៃរបស់កុមារម្នាក់។ ក្រុមIS និងក្រុមភេរវកម្មនានាបានប្រើប្រាស់កុមារធ្វើជា ឧបករណ៍វាយប្រហារគ្រាប់បែកអត្តឃាត ដែលមានប្រសិទ្ធភាពបំផុត។

តាមរបាយការណ៍របស់អង្គការ UNI- CEF បានឲ្យដឹងថា ក្រុមភេរវកម្មដែលប្រើប្រាស់កុមារវាយប្រហារច្រើនជាងគេបំផុតនោះគឺក្រុមបូកូហារ៉ាមដែលបានប្រើប្រាស់កុមារសម្រាប់វាយប្រហារអត្តឃាតច្រើនជាងគេបំផុតក្នុងចំណោមក្រុមភេរវកម្មអត្តឃាត។ UNICEF បានបញ្ជាក់ទៀតថា ១/៥នៃការវាយប្រហាររបស់ក្រុមបូកូហា រ៉ាមនៅក្នុងប្រទេសនីហ្សេ រីយ៉ា, កាមេរូន និងឆាដគឺជាស្នាដៃរបស់កុមារ។ ជួនកាល កុមារបានបំពាក់គ្រាប់បែកអត្តឃាតដោយមានការបញ្ជាពីចម្ងាយទុកឲ្យកុមារទាំងនោះចូលទៅកាន់ហ្វូងមនុស្ស រួចបញ្ជាឲ្យ ផ្ទុះដោយមិនដឹងខ្លួន។

ប៉ុន្មានខែចុងក្រោយនេះក្រុមភេរវជនរដ្ឋ អ៊ិស្លាមបានបង្កើនការវាយប្រហារនៅទួរគីច្រើន។ ជាក់ស្តែងយើងឃើញមានភេរវ កម្មនៅអាកាសយានដ្ឋានអុីស្តង់ប៊ូលកាល ពីខែមិថុនាដែលបានសម្លាប់មនុស្ស៤៤ នាក់។ ដ្បិតថា ភេរវកម្មនេះរួមទាំងភេរវ កម្មផ្សេងៗទៀតមិនត្រូវបានក្រុមរដ្ឋអ៊ិស្លាម ប្រកាសផ្លូវការថា ជាស្នាដៃរបស់ក្រុមខ្លួន ក៏ក្រុមនេះមិនបានបដិសេធការចោទប្រកាន់ ដែរ។
មូលហេតុមួយទៀតភេរវកម្មនៅទួរគីយប់មិញកើតឡើងនៅភាគអាគ្នេយ៍ទីក្រុងហ្កាស្យានតេបជាប់ព្រំដែនជាមួយស៊ីរី។ ជនភៀសខ្លួនស៊ីរីដែលគេចពីហិង្សាសង្គ្រាម ជាង៥ឆ្នាំមកនេះក៏បាននាំគ្នាភៀសចូល កាត់តាមក្រុងហ្គាស្យានតេបនៅទួរគីនេះដែរ។ ក្រៅពីមានជនភៀសខ្លួន និងក្រុម ប្រឆាំងគួដឌីស្ថានតំបន់ហ្គាស្យានតេបក៏អាចសំបូរក្រុមជីហាដច្រើនផ្តុំគ្នារស់នៅដែរ នេះហើយជាបញ្ហាក្តៅ។

អ្នកកាសែតមួយរូបដែលបានទៅដល់ហ្គាស្យានតេបប្រាប់ថា ក្រុមជីហាដរដ្ឋ អ៊ិស្លាមមានសកម្មជនខ្លះនៅហ្កាស្យានតេប។ ដូច្នេះហើយទើបលោកអ៊ែរដូហ្គានហ៊ានសង្ស័យក្រុមភេរវជនរដ្ឋអ៊ិស្លាមថា ធ្វើ ភេរវកម្មកាលពីយប់មិញនេះ។
មូលហេតុសំខាន់មួយទៀតគឺថា ភាគអាគ្នេយ៍ទួរគីសំបូរសហគមន៍គួដឌីស្ថាន រស់នៅ។ នៅស៊ីរីក្បែរនោះកងកម្លាំងគួដឌីស្ថានជាមិត្តអាមេរិកបានប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងក្រុមជីហាដរដ្ឋអ៊ិស្លាម។ ដូច្នេះ សហគមន៍គួដឌីស្ថានជាសត្រូវសំខាន់របស់ ក្រុមភេរវជនរដ្ឋអ៊ិស្លាមដែរ។ ទាំងនេះសុទ្ធតែជាមូលហេតុដែលអាចឲ្យគេចោទក្រុម រដ្ឋអ៊ិស្លាមថា បង្កភេរវកម្មកាលពីយប់មិញ នេះ។
លោក អ៊ែរដូហ្កាន លើកឡើងដែរថា ភេរវកម្មយប់មិញធ្វើឡើងក្នុងទិសដៅធ្វើឲ្យ សហគមន៍ជាតិពិន្ធុផ្សេងៗនៅទួរគីជួបភាព តានតឹងនឹងគ្នា។

នៅពេលនេះក្រុមអ៊ិស្លាមISបានរក្សាការប្រើប្រាស់ទាហានកុមារធ្វើជាឧបករណ៍ សម្រាប់ការវាយប្រហារទៅលើគោលដៅនានាជុំវិញពិភពលោក ពិសេសគឺនៅតំបន់ អឺរ៉ុបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានហ្វឹកហាត់កុមារសម្រាប់វាយប្រហារសម្លាប់មេដឹកនាំសំខាន់ៗនៅជុំវិញពិភពលោកផងដែរ។

ហេតុអ្វីបានជាក្រុមភេរវកម្មមិនខ្លាចស្លាប់បង្កប់គ្រាប់បែកនៅក្នុងខ្លួនបំផ្ទុះសម្លាប់ ខ្លួនឯងនិងអ្នកដទៃ?
ហេតុការណ៍វាយប្រហារគ្រាប់បែកអត្ដឃាតរយៈពេលកន្លងមកបានសម្លាប់ មនុស្សរាប់រយនាក់។ ប៉ុន្ដែនៅមានមនុស្ស ជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីភេរវករក៏ជា មនុស្សដែរ ម្ដេចមិនខ្លាចស្លាប់ដោយឱបគ្រាប់បែកបំផ្ទុះខ្លួនឯងគ្មានសល់សាកសពយ៉ាងដូច្នេះ?

កាលពីខែតុលា ឆ្នាំ២០១៥ ភេរវករ វាយប្រហារគ្រាប់បែកអត្ដឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខស្ថានីយរថភ្លើង សម្លាប់មនុស្សដល់ទៅជាង១០០នាក់ក្នុងទីក្រុងអង់ការ៉ាប្រទេសទួរគី។ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ ក្រុមភេរវករបានបើកការវាយប្រហារបាញ់រះនៅទីក្រុងប៉ារីសប្រទេស បារាំង សម្លាប់មនុស្ស១៣០នាក់។ នៅថ្ងៃ ទី២២ ខែមីនា មានករណីវាយប្រហារគ្រាប់ បែកដល់ទៅ៣លើកនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកសម្លាប់មនុស្ស៣១នាក់ និងជាង១០០នាក់រងរបួស។
ការវាយប្រហារទាំងនោះគឺជាស្នាដៃ របស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ កាលពីថ្ងៃទី ២៧ ខែមីនា ក៏មានការវាយប្រហារគ្រាប់បែកអត្ដឃាតសម្លាប់មនុស្សដល់ទៅ៦៩នាក់ និងជាង៣០០នាក់ទៀតរងរបួសភាគច្រើនជាស្ដ្រីនិងកុមារនៅក្នុងប្រទេសប៉ាគី ស្ថាន។ ប៉ុន្ដែការវាយប្រហារនាពេលនោះជាស្នាដៃរបស់ក្រុមតាលីបង់នៅក្នុងប្រទេស ប៉ាគីស្ថាន។

ការវាយប្រហារភេរវកម្មអត្ដឃាត មិនមែនទើបតែកើតឡើងនៅពេលនេះទេ គឺបានកើតឡើងជាយូរឆ្នាំមកហើយ។ តាម តួលេខ
បណ្ដោះអាសន្នរបស់អាមេរិកគិតចាប់តាំងពីការវាយប្រហារអត្ដឃាតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបៃរូត ប្រទេសលីបង់កាលពីខែមេសា ឆ្នាំ១៩៨៣ មកទល់ពេលនេះមានការវាយប្រហារអត្ដឃាតរហូតដល់ទៅ៤.៨០០ លើកនៅ ទូទាំងពិភពលោក។ ក្រោយការវាយ ប្រហារម្ដងៗតែងតែមានសំណួរជាច្រើនចោទសួរថា ហេតុអ្វីបានជាភេរវករមិនខ្លាចស្លាប់?
មានសំណួរពីរសំខាន់ៗបានសួរថា ហេតុអ្វីបានជាក្រុមភេរវករជ្រើសរើសការវាយប្រហារគ្រាប់បែកអត្ដឃាត? ហេតុអ្វីជនដែលបានជ្រើសរើសចូលក្នុងក្រុមបានត្រៀមខ្លួនដើម្បីស្លាប់?

មនុស្សជាច្រើនបានបញ្ជាក់ថា ក្រុម ខ្មាន់កាំភ្លើងជឿជាក់ថា ក្រោយការលះបង់ជីវិតដើម្បីសង្គ្រាមអាទិទេពនឹងបានឡើងទៅកាន់ឋានសួគ៌ជាទីកន្លែងដែលមានទេព អប្សរបរិសុទ្ធរហូតដល់ទៅ៧២នាក់កំពុងតែរង់ចាំនៅក្នុងវិមានដ៏ស្កឹមស្កៃ។ ប៉ុន្ដែការពិតនោះជាទស្សនៈខុសប៉ុណ្ណោះ។ នៅក្នុង គម្ពីគួរអានសាសនាអ៊ិស្លាមមិនបានសរសេរបែបនោះឡើយ ៕ ម៉ែវ សាធី

maxresdefault

vlcsnap-2015-11-02-09h25m52s93


ចែករំលែក៖