ប៉ូលិសអាមេរិកកំពុងបើកការស្រាវជ្រាវដាច់ដោយឡែកពីគ្នាទៅលើករណីផ្ទុះគ្រាប់បែកក្រោយពេលរកឃើញវា៉លីស៍នៅរដ្ឋ New Jersey ដែលមានឧបករណ៍បំផ្ទុះគ្រាប់បែក៥ផ្សេងគ្នា។ ក្រុមប៉ូលិសបញ្ជាក់ថាការវាយប្រហារបំផ្ទុះគ្រាប់បែក៣លើកផ្ទួនៗគ្នាជាសកម្មភាពវាយប្រហារភេរវកម្ម។ វា៉លីស៍ត្រូវបានរកឃើញក្នុងធុងសំរាម នៅទីក្រុង Elizabeth រដ្ឋ New Jersey ខាងក្រៅហាងលក់ស្រា និងមានចម្ងាយពីស្ថានីយរថភ្លើង១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។
សារព័ត៌មាន CNN បានដកស្រង់សម្តី អភិបាលក្រុង Elizabeth លោក Chris Bollwage បានបញ្ជាក់ថា ដូចជាមានអ្នកណាម្នាក់ដាក់ថង់មានឧបករណ៍បំផ្ទុះគ្រាប់បែកនៅតំបន់ដែលមានមនុស្សច្រើន។
បុរស២នាក់បានប្រទេសឃើញវា៉លីស៍នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ហើយក៏បានប្តឹងប៉ូលិស
ក្រោយពេលឃើញមានខ្សែភ្លើងគួរឲ្យសង្ស័យ។
គួរកត់សម្គាល់ដែរថា ករណីនេះបានកើតឡើងស្របពេលគ្នាករណីផ្ទុះ២កន្លែងផ្សេងទៀតក្នុងថ្ងៃតែមួយ។ ទី១គឺករណី
បំផ្ទុះគ្រាប់បែកនៅក្នុងសង្កាត់ Chelsea ទីក្រុងញូវយ៉កវេលាម៉ោងប្រហែល៨និង៣០នាទីយប់ដែលបានបង្កឲ្យរបួសមនុស្ស ២៩នាក់។ ករណីបំផ្ទុះគ្រាប់បែកមួយទៀត បានកើតឡើងនៅរដ្ឋ New Jersey កាលពីថ្ងៃសោរ៍កន្លងទៅដោយគ្រាប់បែកមួយគ្រាប់ត្រូវបានគេដាក់បង្កប់ក្នុងធុងសំរាម តាមផ្លូវដែលជាផ្លូវរត់ប្រណាំងរបស់ទាហានជើងទឹកអាមេរិក។ ជាសំណាងល្អការចេញដំណើររត់ប្រណាំងមានការយឺតយ៉ាវហើយគ្រាប់បែកបានផ្ទុះមុនពេលដែលក្រុមអ្នករត់ប្រណាំងមកដល់ហើយមិនបានបង្កឲ្យមាននរណារងរបួសទេ ។
អាជ្ញាធរកំពុងតែស៊ើបអង្កេតស្វែងរកភស្តុតាងបន្ថែម ដោយនៅពេលនេះគេមិនទាន់អាចសន្និដ្ឋានថាគ្រាប់បែកផ្ទុះទាំងនេះជាអំពើភេរវកម្មឬមួយយ៉ាងណាទេ តែយ៉ាង ណាក៏ដោយព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាបែបនេះបានបង្កឲ្យប្រជាជនអាមេរិកភ័យខ្លាចអាមេរិក ជាពិសេសអ្នកទីក្រុង ញូវយ៉កដែលទើបតែបានប្រារព្ធខួបគម្រប់១៥ឆ្នាំនៃអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា ២០០១។
ចំណែកនៅរដ្ឋមីណេសូតា មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើងដោយមានបុរសម្នាក់បានដើរយកកាំបិតចាក់
មនុស្សជាច្រើននាក់នៅក្នុងផ្សារទំនើបមួយកន្លែង។ តាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ជននេះបានស្រែក ឧទ្ទិសដល់ព្រះអាឡាក្នុងពេលកំពុងធ្វើ
សកម្មភាព។ ហេតុការណ៍នេះបានកើតឡើងផ្ទួនៗគ្នាជាមួយនឹងហេតុការណ៍បំផ្ទុះគ្រាប់បែកផ្សេងទៀតនៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយក៏អាជ្ញាធរនៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដែរអាចចាត់ទុកថាជាអំពើភេរវកម្មបាននៅឡើយទេ។
តាមការឲ្យដឹងពីនគរបាលរដ្ឋមីណេសូតា ភាគខាងជើងសហរដ្ឋអាមេរិកថា បុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ជាសន្តិសុខ
ឯកជនបានចូលផ្សារទំនើបមួយកន្លែង ហើយបានដកកាំបិតចាក់មនុស្សជាច្រើននាក់នៅវេលាម៉ោង៨យប់៕ ម៉ែវ សាធី