ភ្នំពេញ៖ ស្ត្រីម្នាក់ ខណៈជិះម៉ូតូសេរីទំនើបតែម្នាក់ឯងទៅទទួលប្តីពីកន្លែងធ្វើការ បានពាក់ កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកស្ទាក់ពីមុខដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូទៅបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ តេ ស្រីុ ភេទស្រី អាយុ ប្រហែល៤០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ ៤២៦បេ ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។ ម៉ូតូដែលចោរប្លន់យកទៅបានសម្រេចនោះ ម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីគាត់ឈ្មោះ ពៅ ស្រីនី ភេទស្រីអាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ចំណែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌូក មិនចាំពណ៌ និងស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក ។
តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានយកម៉ូតូកូនស្រីគាត់ជិះទៅយកប្តី ដោយចេញពីផ្ទះជិះតាមផ្លូវលំក្នុងទឹសដៅពីលិចទៅកើតសំដៅទៅផ្លូវជាតិលេខ៥ ។ ពេលជិះបានពាក់កណ្តាលផ្លូវដល់ចំនុចផ្លូវស្ងាត់ ក៏មានជនសង្ស័យ២នាក់ជិះតាមពីក្រោយ មកស្រែកអោយគាត់ឈប់ តែគាត់មិនឈប់ ពួកវាក៏បានជិះមកកាក់ពីមុខធាក់ផ្តួល និងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់ជនរងគ្រោះយកម៉ូតូជិះគេចទៅដោយសុវត្ថភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានជិះរថយន្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិច្រាំងចំរះទី១ ដើម្បីអោយសម្ថកិច្ចជួយស្វែងរកម៉ូតូដែលបាត់ត្រឡប់មកវិញ ។ តែមានរឿងគួរអោយអស់សំណើចមួយបានកើតឡើង ដោយសារតែកំលាំងសម្ថកិច្ចហាក់ដូចជាព្យាយាមលាក់បាំងនិងអ្នសារពត៌មាន ដោយមិនចង់ឲ្យមានការបែកធ្លាយរឿងអាស្រូវខណៈមានករណីគំរាមបាញ់ប្លន់ក្នុងមូលដ្ឋានរបស់ខ្លួនដូច្នេះ ហើយបាននិយាយថា ករណីខាងលើនេះមិនច្បាស់ថាម៉ូតូជនរងគ្រោះត្រូវចោរប្លន់យកទៅមែនរឺក៏យ៉ាងណាទេ តែបើទោះជាយ៉ាងណាក៌មានជនរងគ្រោះទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ជាក់ស្តែងហើយដែរ ៕ ព្រែកជ័យ