ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ សមិទ្ធក្នុងវិស័យអប់រំនេះ រួមមាន៖ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាលលើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ។

– សម្ដេចធិបតី ថ្លែងថា មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំបងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា។

– សម្ដេចធិបតី ថ្លែងបង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១.៤៤២កន្លែង មានកម្មករនិយោជិតសរុប ២៥៣.៩៤៦ នាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត។

– សម្ដេចធិបតី ថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ។

– សម្ដេចធិបតី ថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯង។

– សម្ដេចធិបតី ថ្លែងបញ្ជាក់ម្ដងហើយម្ដងទៀតថា នៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញថ្មីមកបង្រៀនបាន គឺយើងអាចយកគ្រូចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំគ្រូថ្មីហើយសាលាមានកង្វះខាតគ្រូបង្រៀននោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្ស។

– សម្ដេចធិបតី ថ្លែងថា ណែនាំដល់ថ្នាក់ក្រោមជាតិត្រូវពិនិត្យឱ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀន ហើយត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះធនធានគ្រូបង្រៀននោះទេ។

– សម្ដេចធិបតី ថ្លែងថា អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»។

– សម្ដេចធិបតី ថ្លែងថា ឥឡូវនេះតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានតម្រូវការពឹងផ្អែកលើធនធានមនុស្សច្រើន។

– សម្ដេចធិបតី បានជំរុញក្រសួងអប់រំ ត្រូវពង្រឹងលើការបណ្ដុះបណ្ដាលសិស្សនៅកម្រិតបឋមនិងអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីទទួលបានបរិមាណ និងគុណភាពធនធានមនុស្សគ្រប់គ្រាន់របស់កម្ពុជា។

– សម្ដេចធិបតី ថ្លែងបង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គងនៅក្នុងសង្គម កុំខូចខិល។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ចំណែកបើក្នុងសង្គម កន្លែងការងារគេមិនខ្វល់ជាមួយយើងនោះទេ។

– សម្ដេចធិបតី ថ្លែងលើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុម (Group) តេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ជាពិសេសលទ្ធផលការសិក្សារបស់ពួកគេ។

– សម្ដេចធិបតី ថ្លែងថា ឥរិយាបថ សមត្ថភាព ចំណេះដឹង គឺជាអ្វីដែលសិស្សត្រូវទទួលបានពីគុណភាពអប់រំនៅតាមសាលារៀន ហើយសិស្សអាចយកលទ្ធផលទាំងនេះទៅអនុវត្តនៅក្នុងសង្គម។

នាឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងមានកង្វះខាតកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់ នៃរោងចក្រប្រមាណជាង ២០ រោងចក្រនៅក្នុងខេត្ត។

លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានវិស័យអាទិភាពធំៗដ៏មានសក្តានុពល គឺវិស័យកសិកម្ម៣១,៣% ឧស្សាហកម្ម៤៧,១%, សេវាកម្ម ២១,៧% ដែលជាចលករយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែកជំរុញសន្ទុះសេដ្ឋកិច្ចខេត្ត។

លោកអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ គឺមានភ្លៀងទេសចរណ៍ជាតិអន្តរជាតិមកកម្សាន្តជាច្រើន ពិសេសតាមរយៈការរៀបចំដំបូងទិវាបុណ្យភ្នំកាលពីថ្ងៃទី១៤-១៥កុម្ភៈឆ្នាំ២០២៥ នៅលើខ្នងភ្នំគិរីរម្យ និងក្រោយព្រឹត្តិការណ៍កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរ ដោយថ្មើរជើងឡើងលើភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើរកម្សាន្តក្នុងខេត្តកំពង់ស្ពឺ។

– លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្ត មានរមណីយដ្ឋាន និង សហគមន៍ទេសចរណ៍ សរុប ២៩ កន្លែង រួមមាន តំបន់រមណីយដ្ឋាន ១៥កន្លែង, តំបន់សហគមន៍ ៩កន្លែង និងតំបន់គោលដៅទេសចរណ៍ថ្មី ៥កន្លែង។

– លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរណ៍ សរុបមានចំនួន ៦៣៥.៣៣៥នាក់ មកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺ ក្រោមបរិយាកាសប្រកបសប្បាយរីករាយនៃម្លប់សន្តិភាព។

– លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ក្នុងខេត្តកំពង់ស្ពឺបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសមាន១តំបន់ និង៣តំបន់កំពុងនឹងរៀបចំបែបធ្វើការស្នើសុំ, និងមានសួនឧស្សាហកម្មសរុបចំនួន៧កន្លែង, មានរោងចក្រសហគ្រាសគ្រឹះស្ថានសរុប ១.៤៤២ កន្លែងមានកម្មករនិយោជិតសរុប ២៥៣.៩៤៦នាក់។

– លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំទទួលបងប្អូនប្រជាពលរដ្ឋវិលត្រលប់មកពីប្រទេសថៃវិញបានចំនួន ៤៨៤នាក់ និងបានសម្របសម្រួលជួយរកការងារជូនពួកគាត់បានចំនួន១៣៦នាក់។ បន្ថែមលើនេះមន្ទីរការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបាននឹងកំពុងបណ្តុះបណ្តាលជំនាញសរុបចំនួន៩ជំហាន មានសិស្សសរុបចំនួន ១.៦៩៦ នាក់ ស្រី ៤៩០នាក់ កំពុងសិក្សា។

– លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធស្រោចស្រពសំខាន់ៗ រួមមាន ស្ទឹងព្រែកត្នោត ស្ទឹងក្រាំងពន្លៃ និងស្ទឹងស្លាគូ រួមនឹងទំនប់ទឹក ចំនួន៣៧៥កន្លែង, ប្រព័ន្ធប្រឡាយមេ និងប្រឡាយរងសរុបចំនួន ៦៣២ខ្សែ ដែលអាចរំដោះទឹកជំនន់នៅរដូវវស្សា និងអាចស្រោចផ្ទៃដីស្រូវប្រមាណ ១១៧.៥៦៧ ហិកតា, វិស័យរ៉ែ និងថាមពល មានអាជីវកម្មរ៉ែ ១៦៤ ការដ្ឋាន, វិស័យអគ្គិសនីមាន២២ក្រុមហ៊ុន បន្ទុកថាមពល ២៣៦MW និងវិស័យដទៃទៀត៕

ដោយ៖ស តារា


ចែករំលែក៖