ខេត្តប៉ៃលិន៖ មន្រ្តីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបាន ស្ទាក់ឃាត់រថយន្តដឹកទឹកកកអនាម័យ១គ្រឿងដែលកំពុងបើកបរចូលទៅលក់នៅក្នុងខេត្តប៉ៃលិន ខណៈដែលម្ចាស់អាជីវកម្ម អះអាងថា មានច្បាប់ចេញពីក្រសួងពាណិជ្ជកម្មហើយថែមទាំងមានលិខិតបញ្ជាក់ការដាក់ទីតាំងលក់ដូរចេញពីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនថែមទៀតផង ។
ករណីឃាត់រថយន្តដឹកទឹកកកខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១៧នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិត ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។
មន្រ្តីនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិនបាន ឲ្យដឹងថា អ្នកបើកបររថយន្តដឹកទឹកកក អនាម័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ គឹម ចន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្ត ពោធិ៍សាត់។ ចំណែកអ្នករត់ច្បាប់ដឹកទឹក កកអនាម័យឈ្មោះ ឈីវ វ៉ាន់សែត ភេទ ប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់-ក្រុង-ខេត្តប៉ៃលិន ។
បើតាមលោក ឈីវ វ៉ាន់សែត ជាអ្នករត់ច្បាប់ឲ្យក្រុមហ៊ុនទឹកកកអនាម័យខេត្ត បាត់ដំបងបានបញ្ជាក់ថា ការប្រកបមុខ របរដឹកទឹកកកអនាម័យយកមកលក់ដូរ នៅក្នុងទឹកដីខេត្តប៉ៃលិននេះពិតជាមានការលំបាកខ្លាំងណាស់បើទោះបីជាខាងលោកមានច្បាប់ចេញពីក្រសួងពាណិជ្ជកម្មហើយ ក៏ដោយក៏មានអ្នកលក់ទឹកកកកអនាម័យ ដូចគ្នានៅក្នុងមូលដ្ឋានជាអ្នកប្តឹងខាងលោក ដែរ ព្រោះទឹកកកអនាម័យរបស់លោកល្អ ជាងគេ។ លុះគេលក់ប្រកួតប្រជែងមិនឈ្នះ ទើបគេប្តឹងសមត្ថកិច្ចឲ្យធ្វើបាបលោកបែបនេះ ។
ករណីខាងលើនេះលោកស្នងការនគរបាលខេត្តប៉ៃលិនបានអះអាងថា នេះជា បញ្ជាពីអាជ្ញាធរខេត្តឱ្យនគរបាលសេដ្ឋកិច្ច ចុះទៅឃាត់រថយន្តព្រោះគេបានធ្វើកិច្ច សន្យាមិនឱ្យបន្តដឹកមកលក់ដូរនៅខេត្ត ប៉ៃលិន ប៉ុន្តែក្រុមហ៊ុនទឹកកកអនាម័យមួយនេះនៅតែបន្តដឹកចូលមកចែកចាយនៅ ខេត្តប៉ៃលិនដដែលទើបសមត្ថកិច្ចឃាត់ ខ្លួន ។
លោក ឈីវ វ៉ាន់សែត បានឲ្យដឹងទៀត ថា ខណៈកម្មករកំពុងបើកបររថយន្តដឹកការ៉ុងទឹកកកអនាម័យចំនួន១០០ការុង ដោយទឹកកកអនាម័យដុំធំចំនួន៤០ការុងក្នុង១ការុងទម្ងន់២០គីឡូក្រាម និងទឹកកក អនាម័យដុំតូចចំនួន៦០ការុង ក្នុង១ការ៉ុង ទម្ងន់២០គីឡូក្រាមដូចគ្នាត្រូវនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិនឃាត់យកទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត។ ការដឹកទឹកកក អនាម័យលក់ដូរនេះមិនមែនតែនៅខេត្ត ប៉ៃលិនមួយឡើយគឺលោកបានយកទៅ លក់ដល់ទីរួមខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ និងខេត្តពោធិ៍សាត់តែអត់មាន នរណាម្នាក់រករឿងអ្វីលោកនោះទេ។ ដោយសារគេដឹងថា ខាងលោកមានច្បាប់ ចេញមកពីក្រសួង ហើយនេះជាការលក់ដូរ ទីផ្សារសេរីការរកស៊ីនៅក្នុងស្រុកមិនមែនឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ឯណា។ រីឯអង្ករ ត្រីសាច់ និងបន្លែបង្ការ ផ្សេងៗមួយចំនួនក៏គេដឹកយកមកពីខេត្តផ្សេងៗដែរតែមិនឃើញមានសមត្ថកិច្ចណាឃាត់នោះឡើយដោយខ្លះអត់ទាំងមានច្បាប់ថែមទៀតផង។ លោកថា លោកពិតជា អស់ជំនឿចំពោះសមត្ថកិច្ចប្រាកដមែន ។
ជុំវិញបញ្ហាខាងលើនេះលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានឲ្យដឹងថា ច្បាប់អនុញ្ញាតរបស់ខេត្ត ប៉ៃលិនមិនទាន់បានចេញឱ្យនោះទេ ហើយ លិខិតបើកទីតាំងគឺខាងប៉ៃលិនបានចេញឲ្យរួចរាល់អស់ហើយ។ លោកបានដាក់ ច្បាប់ជូនអាជ្ញាធរខេត្តរួចរាល់អស់ហើយតែច្បាប់នាំចូលមិនទាន់មាននៅឡើយទេ។ លោកបន្ថែមទៀតថា ដោយសារខាងនាយក រដ្ឋបាលសាលាខេត្តគាត់មានធុរៈទៅបំពេញភារកិច្ចនៅប្រទេសថៃទើបមិនទាន់ចេញ ច្បាប់ឱ្យដំណើរការរង់ចាំពេលគាត់ត្រឡប់មកវិញនឹងអាចទទួលបាន ហើយម្ចាស់អាជីវ កម្មខាងលើអាចលក់ដូរដូចធម្មតាបាន ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានរិះគន់ថា មូលហេតុដែលគេមិនឲ្យទឹកកកអនាម័យពីខេត្តបាត់ដំបងចូលទៅលក់ដូរនៅក្នុងខេត្តប៉ៃលិនដោយសារតែនៅ ក្នុងខេត្តនេះមានកូនចៅអ្នកមានលុយមានអំណាចផលិតទឹកកកអនាម័យដែរ។ ដូច្នេះ គេចង់លក់ផ្តាច់មុខតែម្នាក់ឯង ពោលគឺចង់ រស់តែម្នាក់ឯង រីឯទឹកកកអនាម័យមួយ ចំនួនក្នុងខេត្តប៉ៃលិនអត់មានគុណភាព នោះទេ ដោយសារប្រើទឹកមិនស្អាតយក ទៅផលិតជួនកាលធុំក្លិនថែមទៀតផង លុះ មានអ្នកក្រៅគេផលិតបានល្អជាងហើយលក់ដាច់ជាងទើបប្តឹងបែបនេះ ។
បើតាមលោក ជា ចាន់ឌិន ស្នងការនគរ បាលខេត្តប៉ៃលិនបានប្រាប់អ្នកយកព័ត៌មាន នគរវត្តឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ថា ខាងសាលាខេត្តជាអ្នកបញ្ជាឱ្យខាងលោកចាត់នគរ បាលសេដ្ឋកិច្ចចុះទៅចាប់ឃាត់រថយន្តដឹកទឹកកកអនាម័យនោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ព្រោះម្ចាស់ អាជីវកម្មខាងលើបានធ្វើកិច្ចសន្យាថានឹងមិនចូលមកលក់នៅក្នុងខេត្តប៉ៃលិនបន្ត ទៀតទេដោយដាច់ខែកញ្ញានេះត្រូវតែ ចរចាថានឹងឈប់នាំទឹកកកចូលតែម្តង៕ ស សារ៉េត