ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋត្អូញត្អែរថា ផ្លូវតូចហើយ ម្ចាស់ភោជនីយដ្ឋានថ្មដាបែរជាខំពង្រីក របងរំលោភយកថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយភោជនីដ្ឋានថ្មដា ផ្លូវតូចលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កំពុងមានចម្ងល់ថា ផ្លូវចេញ-ចូលមានទំហំតូចស្រាប់ទៅហើយ បែរជាខាងភោជនីយដ្ឋានថ្មដាបានរៀបចំធ្វើរបងរំលោភធ្វើអោយផ្លូវកាន់តែតូចចង្អៀត។ ពលរដ្ឋបានបង្ហាញពីក្តីព្រួយបារម្ភដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវកាន់តែតូចចង្អៀត ចំណែកម្ចាស់ហាង ថ្មដាកាន់តែរំលោភផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ គេមិនដឹងថា ការពង្រីកទីធ្លាខាងក្រោយ ហាងថ្មដានេះធ្វើឡើងដើម្បីអ្វីនោះទេ។ ប្រជាពលរដ្ឋក៏សូមសំណូមពរដល់ អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអភិបាលខណ្ឌ រួមជាមួយលោកអធិការខណ្ឌ៧មករាផងដែរ មេត្តាជួយចុះពិនិត្យនិងណែនាំដល់ម្ចាស់ភោជនីយដ្ឋានថ្មដានេះផង ព្រោះប្រសិនបើមានករណីណាមួយកើតឡើងជាយថាហេតុ គឺអាចបង្កជាហានិភ័យខ្លាំងណាស់។ បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋនៅតែឆ្ងល់ថា ហេតុដូចម្តេចបានជាម្ចាស់ភោជនីយដ្ឋានថ្មដាមានសិទ្ធិអំណាចធ្វើរបងរំលោភយកទីតាំងផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។ បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌ៧មករាបានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដានេះថា អាជ្ញាធរបានចុះណែនាំនិងធ្វើកំណត់ហេតុចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងនៅតែបន្តធ្វើរហូតទាល់តែរួចរាល់។ ម៉្យាងទៀតអាជ្ញាធរនឹងចាត់អោយមន្រ្តីសាលាខណ្ឌ រួមជាមួយមន្រ្តីភូមិបាលចុះទៅត្រួតពិនិត្យ និងដោះស្រាយបញ្ហារំលោភផ្លូវសាធារណៈនេះជូនប្រជាពលរដ្ឋ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖