ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដែលបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនីពីប្រអប់ភ្លើង ។
ហេតុការណ៍អគ្គិភ័យនេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្បែរបងវត្តសន្សំកុសល តាមបណ្តោយផ្លូវលេខ៣១ ស្ថិតក្នុងសង្កាត់សន្សំកុសល២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ និងក្លិនឆ្ងៀមចេញពីប្រអប់ភ្លើងខាងលើ រួច ក៏បានឆាប់ឆេះឡើងយ៉ាងសន្ឋោរសន្ឋៅតែម្ដង ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងសហការគ្នាយកបំពង់ពន្លត់អគ្គីភ័យចេញពីផ្ទះរៀងៗខ្លួនមកបាញ់ពន្លត់ ។
ភ្លាមៗនោះដែរ ប្រជាពលរដ្ឋដែលបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បាញ់ពន្លត់អគ្គិភ័យនោះ បានរលត់ទៅវិញ អស់៨០ភាគរយទៅហើយ ទើបមានរថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានមកអន្តរាគមន៍បាញ់ពន្លត់ និងរលត់ទៅវិញជាស្ថាពរដោយប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន១គ្រឿង និងបំពង់ពន្លត់អគ្គីភ័យរបស់ប្រជាពលរដ្ឋចំនួន៣០បំពង់ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ករណីអគ្គីភ័យខាងលើនោះ គឺបង្កឡើងដោយសារតែខ្សែភ្លើងដាច់ធ្លាក់រញ៉ែរញ៉ៃពាស់ពេញផ្លូវ ទើបឆ្លងចរន្តអគ្គីផ្ទុះប្រអប់កាប៊ិនតែម្ដង សំណាងណាស់ដែរ ដែលមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនបានខូចខាតរបស់មានតម្លៃអ្វីធំដុំនោះទេ ហើយក៏មិនមាននណារម្នាក់មានគ្រោះថ្នាក់ក្នុងករណីនោះដែរ ៕ ជីម ភារ៉ា ដង្កោ