ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូ និងកាបូបលុយ ទាំងភ្ជង់ និងកាប់បណ្ដាលឱ្យជនសង្ស័យរបួសក្បាលដេរ ១០ថ្នេរ ក្រោយរត់តោងឡានគេចខ្លួន ត្រូវពលរដ្ឋជួយឃាត់

ចែករំលែក៖

ខេត្តកណ្តាល៖យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋ និងសង្សារជនរងគ្រោះជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី១២ កក្កដា ២០២៥ ក្រោយពីបានប្រព្រឹត្តអំពើប្លន់ដោយប្រើហិង្សា ទាំងភ្ជង់កាំបិត និងកាប់ទៅលើបុគ្គលិករោងចក្រម្នាក់។ ហេតុការណ៍នេះកើត ឡើងនៅដីវាលមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ គឺឈ្មោះ វឿន ស្រីតូច (ស្រី, ២៣ឆ្នាំ) មុខរបរបុគ្គលិករោងចក្រ រងរបួសមុតរលាត់ស្មាខាងស្តាំ។ ចំណែកជន សង្ស័យដែលឃាត់ខ្លួនបានឈ្មោះ គាំ សុរដ្ឋ ភេទប្រុស, អាយុ ២៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+) និងរងរបួសក្បាលដេរ ១០ថ្នេរ ក្រោយលោតតោងរថយន្តអ្នកដំណើរ។

លោកអធិការបានបន្តថា ហេតុការណ៍បានកើតឡើងនៅពេលជនរងគ្រោះនិងសង្សារកំពុងអង្គុយលេងហូបអីនៅដីវាល១កន្លែង។ ស្រាប់តែជនសង្ស័យកាន់កូនកាំបិត ប៉័ងតោដើរចូលទៅជិត ហើយភ្ជង់គំរាមយកទូរសព្ទ កាបូបលុយ និងម៉ូតូ រួចក៏បានទាញយកសោម៉ូតូពីជន រងគ្រោះ។ ពេលនោះ ជនរងគ្រោះនិងសង្សារបានជួយទាញកញ្ឆក់យកកូនសោម៉ូតូមកវិញ។ ឃើញដូចនេះ ជនសង្ស័យក៏កាប់ទៅលើជនរងគ្រោះចំនួន ២កាំបិត

ចំស្មាខាងស្តាំ រួចទាញឆក់យកកាបូបស្ពាយពីជនរង គ្រោះ ហើយក៏ផ្លោះរបងរត់តោងឡើងរថយន្តដឹកទំនិញដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដើម្បីគេចខ្លួន។

លោកអធិការបានឲ្យដឹងទៀតថា ភ្លាមៗនោះ ព្រូឡានក៏បានទាញប្រឡេះដៃជនសង្ស័យពីឡាន បណ្ដាលឲ្យធ្លាក់រងរបួសក្បាល។ បន្ទាប់មក ជនសង្ស័យបន្តរត់គេចខ្លួន តែត្រូវបានសង្សារជនរងគ្រោះ និងអ្នកធ្វើដំណើរក្បែរនោះតាមជួយឃាត់ខ្លួនបាន និងយកកាបូបមក វិញ។ ក្រោយមក ពួកគេក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យបានបន្តសារភាពទៀតថា ខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ១លើក ពីបទជួញដូរគ្រឿងញៀនរយៈពេល ១ឆ្នាំ ៦ខែ ហើយចេះប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ឆ្នាំមកហើយ។

បច្ចុប្បន្ន ករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖