ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ែនអេង: គោលបំណងនៃវេទិកាប្រជុំផ្សព្វផ្សាយនេះ គឺផ្តល់ឱកាសការងារ និងជួយស្វែងរកការងារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក និងបងប្អូនដែលទើបវិលត្រលប់មកពីប្រទេសថៃ

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក  អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថាគោលបំណងនៃវេទិកាប្រជុំផ្សព្វផ្សាយនេះ គឺផ្តល់ឱកាសការងារ និងជួយស្វែងរកការងារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក និងបងប្អូនដែលទើបវិលត្រលប់មកពីប្រទេសថៃ និងផ្សព្វផ្សាយឱ្យបានយល់ដឹងបន្ថែមទៀតពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (បសស) និងឱកាសសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។

ការមានប្រសាសន៍បែបនេះធ្វើឡើងនារសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥ ក្នុងវេទិកាប្រជុំផ្សព្វផ្សាយ ស្តីពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស និងការសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅស្រុករមាសហែក ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុករមាសហែក លោកប្រធានវិទ្យាស្ថាន លោកប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោកប្រធានសាខា ប.ស.ស ខេត្ត លោកប្រធានមជ្ឈមណ្ឌលការងារខេត្ត លោក-លោកស្រីមេឃុំ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦០នាក់។

លោក ធួង សំណាង ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានលើកឡើងពីអត្ថប្រយោជន៍ ប.ស.ស.  សម្រាប់កម្មករ និយោជិត ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រ សហគ្រាស អាជីវកម្ម នានា ជូនដល់បងប្អូនដែលបានចូលរួមក្នុងពិធីនេះឱ្យបានយល់កាន់តែច្បាស់បន្ថែមទៀតថា នៅប្រទេសកម្ពុជាយើង ប.ស.ស. បាននិងកំពុងអនុវត្តនូវរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ(គ្រោះថ្នាក់ការងារ) ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍(អ្នករកចំណូលខ្លូនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន)។ គឺពេលដែលសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ឬជំងឺផ្ទាល់ខ្លួន អាចទៅទទួលសេវាសង្គ្រោះ ថែទាំនិងព្យាបាល នៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយមិនត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងនៅពេលដែលបងប្អូនធ្វើការដល់អាយុចូលនិវត្តន៍(អាយុ៦០ឆ្នាំ) នឹងទទួលបាននូវអត្ថប្រយោជន៍ប្រាក់សោធន(ប្រាក់រ៉ឺត្រែត)។ បន្ថែមលើនេះទៀត ប.ស.ស. បាននិងកំពុងអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផងដែរ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។ លោកនាយក បានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅពេលមកសិក្សានៅវិទ្យាស្ថាន គឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតដល់ចប់វគ្គសិក្សា ទន្ទឹមនឹងនេះដែរវិទ្យាស្ថានក៏មានកន្លែងសម្រាប់ស្នាក់នៅដល់បងប្អូនផងដែរ។

ក្នុងឪកាសនោះ លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា បងប្អូនមានជម្រើសពីរគឺ

១-សូមបងប្អូនចូលរៀនសិន (ប្រើរយៈពេលខ្លី ដើម្បីមានឱកាសក្លាយជាកម្មករជំនាញ ទទួលបានប្រាក់ខែច្រើន) ហើយនៅពេលបញ្ចប់ការសិក្សាវិទ្យាស្ថាននឹងរកការងារជូនបងប្អូនថែមទៀតផង លោកបានបន្តទៀតថា ជាង១ទស្សវត្សមកនេះ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍខ្លាំងណាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចធិបតី នាថ្ងៃខាងមុខអាចនឹងមានវិស័យឧស្សាហកម្មធន់ធ្ងន់ មកវិនិយោគ ដូចនេះការសិក្សានាពេលនេះគឺជាឱកាសសម្រាប់ការងារទៅថ្ងៃខាងមុខ 

២-បើបងប្អូនមិនទាន់ចង់រៀនទេ គឺអាចចុះឈ្មោះនៅពេលនេះដើម្បីក្រុមការងារសម្របសម្រួលសម្ភាសន៍ និងរកការងារធ្វើជូនភ្លាមផងដែរ។


ចែករំលែក៖