នាវាដឹកជនភៀសខ្លួនមួយគ្រឿង ដែលមានជនភៀសខ្លួនជាង៦០០នាក់បានក្រឡាប់លិចនៅតំបន់សមុទ្រប្រទេសអេហ្ស៊ីប បណ្តាលឲ្យមនុស្ស៤៣នាក់ស្លាប់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្នុងចំណោមអ្នកដំណើរ៦០០នាក់ មាន ១៥៤នាក់ជួយសង្គ្រោះទាន់ពេល ។ នាវាខាងលើកំពុងធ្វើដំណើរឆ្ពោះទៅកាន់អឺរ៉ុប ហើយគោលដៅអាចជាប្រទេសអីតាលី។ ក្នុងចំណោមអ្នកស្លាប់៤៣នាក់ រកឃើញសាកសពទើបតែ៣១នាក់ប៉ុណ្ណោះ មានបរុស២០នាក់និងស្ត្រី១០នាក់ កុមារម្នាក់។
សារព័ត៌មានMENA របស់អេហ្សីបបានដកស្រងសម្តីមន្ត្រីនៅក្នុងតំបន់បានបញ្ចាក់ថា «នាវាមួយគ្រឿងបានក្រឡាប់លិចដោយមានអ្នកដំណើរ៦០០នាក់ ស្ថិតនៅតំបន់សមុទ្រ Kafr Al Sheikh ហើយនេះ ក៏ជាការភៀសខ្លួនទ្រង់ទ្រាយធំបំផុតឆ្លងកាត់តំបន់ខាងលើ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មូលហេតុបណ្តាលឲ្យនាវាខាលើលិចដោយសារតែដឹកអ្នកដំណើរលើសចំណុះ បណ្តាលឲ្យផ្អៀង ហើយអ្នកដំណើរក៏ធ្លាក់ចុះទឹក។
ហេតុការណ៍លិចនាវាខាងលើកើតឡើងចំពេលដែលមេដឹកនាំជុំវិញពិភពលោកបានជួបប្រជុំគ្នានៅទីក្រុងញ៉ូវយកស្តីពីវិបត្តិជនភៀសខ្លួន។
តាមអង្គការជនភៀសខ្លួនពិភពលោកបានឲ្យដឹងថា មានជនភៀសខ្លួនជាង២សែននាក់បានឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេ ពីប្រទេសអេហ្ស៊ីប លីបីនិងទួរគី។ មានពលរដ្ឋប្រមាន ២៨០០នាក់ស្លាប់ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៦ គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០១៥ ៕ ម៉ែវ សាធី