ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចលៀសកន្លះៗការ៉ុងប្រមាណចំនួន២៣០កំណាត់ការ៉ុង ត្រូវបានសមត្ថកិច្ចសហការគ្នាដឹកទៅចាក់ចូលទឹកបឹងទន្លេសាបវិញ នៅគ្រាដែលគេសង្ស័យក្រុមឈ្មួញដឹកជញ្ជូនយកមកដាក់នៅមាត់ទឹក ដើម្បីត្រៀមលើកឡើងរថយន្តទៅរកទីផ្សារ នេះបើតាមការបញ្ជាក់ពីមន្រ្តីជំនាញរដ្ឋបាលជលផល កាលពីល្ងាចម្សិលមិញ ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ករណីកម្លាំងសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផលខាងលើ នៅចំណុចមាត់ទឹកបឹងទន្លេសាប (កំពង់ឃ្នៀស)ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់ទៀតថា លៀសចំនួន២៣០កំណាត់ការ៉ុងនេះ ទំនងអាចក្រុមឈ្មួញលួចធ្វើនេសាទនៅបឹងទន្លេសាប រួចដឹកជញ្ជូនតាមរយៈកាណូតយកមក ដើម្បីបំរ៉ុងលើកឡើងរថយន្តទៅទីផ្សារ ប៉ុន្តែក៍ត្រូវបានកម្លាំងសហការប្រទះឃើញ ធ្វើការទប់ស្កាត់ និងបង្រ្កាប បច្ចុប្បន្ន វត្ថុតាង(លៀស)បានមូលមត្តិគ្នាសម្រេច ដឹកជញ្ជូនយកទៅចាក់ចូលទឹកបឹងធម្មជាតិ(បឹងទន្លេសាប)វិញ ។
ដោយឡែក បើយោងតាមការលើកឡើងពីមជ្ឈដ្ឋាននានា ចុងក្រោយថ្មីនេះ គេឃើញសមត្ថកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)២ករណីហើយ(ខ្ចៅ និងលៀស)នេះឯង ហាក់បីដូចជាចង់យឺតពេលបន្តិច ព្រោះខ្ចៅ និងលៀសដែលត្រូវបង្រ្កាបនេះ វាអាចងាប់ភាគច្រើនបាត់ទៅហើយ ខណៈបច្ចុប្បន្នសមត្ថកិច្ចជំនាញពាក់ព័ន្ធច្រើនស្អេកស្កះនៅបឹងទន្លេសាប គួរណាស់ធ្វើការបង្រ្កាបនៅគ្រាដែលកំពុងនេសាទជាក់ស្ដែង ព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍ អូសដោយកំលាំងម៉ាស៊ីនគ្មានលិខិតអនុញាតនេះ បង្កភាពប៉ះពាល់ធនធានជលផលធ្ងន់ធ្ងរ ជាពិសេស សមត្ថកិច្ចពុំដែលឃើញអនុវត្តលើក្រុមឈ្មួញ ខ្ចៅ និងលៀស នេះនោះទេ ម្យ៉ាងទៀត រដូវនេះជារដូវបិទនេសាទថែមទៀត ៕ ដោយៈ ប៉ឹម ពិន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច