ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ នេះជាកាលវិភាគនៃព្រឹត្តិការណ៍នានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រង្វង់ក្រហម) គឺកិច្ចប្រជុំលើកទី ៩៩៦៦ – ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ (បិទទ្វារ)របស់ក្រុមប្រឹក្សាសន្តិ អ.ស.ប. ។
បច្ចុប្បន្ន នេះប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ អសប គឺប្រទេសប៉ាគីស្ថាន។ ក្នុងចំណោមសមាជិកតំណាងទាំង ១៥ ប្រទេស មានសមាជិកចំនួន ៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរួមមាន ប្រទេសចិន បារាំង រុស្សី, អង់គ្លេស និងសហរដ្ឋអាម៉េរិក។ ចំណែកសមាជិក ១០ ប្រទេសទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ ដែលត្រូវបោះឆ្នោតសម្រាប់អាណត្តិ ២ ឆ្នាំម្តងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។
ក្រុមប្រឹក្សាសន្តិសុខមានការទទួលខុសត្រូវចម្បងសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សានេះមានសមាជិក ១៥ នាក់ ហើយសមាជិកនីមួយៗមានការបោះឆ្នោតសំឡេងមួយ។ នៅក្រោមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ រដ្ឋសមាជិកទាំងអស់មានកាតព្វកិច្ចគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាសន្តិសុខនាំមុខក្នុងការកំណត់អត្ថិភាពនៃការគំរាមកំហែងដល់សន្តិភាព ឬសកម្មភាពឈ្លានពាន។ ក្រុមប្រឹក្សានេះអំពាវនាវឱ្យភាគីជម្លោះដោះស្រាយវាដោយសន្តិវិធី និងណែនាំវិធីសាស្រ្តនៃការកែតម្រូវ ឬលក្ខខណ្ឌនៃដំណោះស្រាយ។
ក្នុងករណីខ្លះ ក្រុមប្រឹក្សាសន្តិសុខអាចងាកទៅរកការដាក់ទណ្ឌកម្ម ឬសូម្បីតែអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងដើម្បីរក្សា ឬស្តារសន្តិភាព និងសន្តិសុខអន្តរជាតិឡើងវិញ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច