ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រទឹកកកលួចទឹករដ្ឋយកទៅប្រើប្រាស់ជិត១ឆ្នាំគ្មាននរណាដឹង

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីអធិការកិច្ច និងមន្រ្តីរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យរោងចក្រធុនតូចផលិតទឹកកកដើមតាម៉ុន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពី វេលាម៉ោង២រសៀលថ្ងៃទី២១ ខែកញ្ញា ក្រោយសង្ស័យថារោងចក្រនេះលួចទឹក របស់រដ្ឋយកទៅប្រើប្រាស់ ។

បើតាមសម្ដីមន្រ្តីអធិការកិច្ច និង មន្រ្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានប្រាប់ថា ការចុះត្រួតពិនិត្យរោងចក្រផលិត ទឹកកកដើមធុនតូចខាងលើនេះ បន្ទាប់ពី សង្ស័យថារោងចក្រនេះ មានលួចទឹករដ្ឋ យកទៅប្រើប្រាស់ ដោយមិនបញ្ចូលក្នុង កុងទ័ររបស់រដ្ឋ ទើបមន្រ្តីចុះមកត្រួតពិនិត្យពិតប្រាកដ គឺលួចប្រើប្រាស់មែនដោយលួច ពីរោងសម្រាប់កម្មកររោងចក្រទឹកកកស្នាក់នៅដែល ស្ថិតនៅទល់មុខរោងចក្រផលិត ទឹកកកដើមនោះ ។

ចំណែកលោក ឈុំ សាម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ ជាថៅកែរោងចក្រធុនតូច ផលិតទឹកកកដើមខាងលើ បានប្រាប់ថា រយៈពេលជិត១ឆ្នាំមកហើយ ដែលគាត់ បានទិញដីរោងកម្មករស្នាក់នៅនេះ ហើយ រយៈពេលប្រមាណ៣ខែកន្លងមកនេះគាត់ បានហៅជាងមកជួសជុលរោងឲ្យកម្មករ ស្នាក់នៅ ។ ពេលដែលជាងជួសជុលនោះ បានកាប់ចំទុយយោទឹកបែក រួចហើយជាងនោះជាអ្នកចេះតទឹកក៏លួចតទុកឲ្យប្រើ ប្រាស់តែម្តង ដោយសារតែគាត់មិនបានគិតវែងឆ្ងាយ ។

ប្រភពដដែលបន្តទៀតថា ការលួច ទឹកនេះគឺមិនបានលួចយកមកប្រើប្រាស់ ក្នុងរោងចក្រផលិតទឹកកកទេ គឺប្រើប្រាស់ ៣០ភាគរយប៉ុណ្ណោះសម្រាប់ងូត និងចម្អិន អាហារចំណែកទឹកសម្រាប់ ផលិតទឹកកក គឺគាត់ប្រើទឹកទន្លេទេ ព្រោះរោងចក្ររបស់គាត់នៅជាប់នឹងដងទន្លេស្រាប់ ។

មន្រ្តីអធិការកិច្ច និងមន្រ្តីរដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញកំពុងតែស្រាវជ្រាវរកមើល តើ រោងចក្រផលិតទឹកកកខាងលើនេះមាន លួចទឹករបស់រដ្ឋយកទៅប្រើប្រាស់ឬអត់ ? បើសិនជាលួចយកទៅប្រើប្រាស់ធម្មតា កម្រិតទោសស្រាលទៅតាមស្ថានភាព ជាក់ស្តែង គឺគ្រាន់តែហៅអ្នកដែលប្រព្រឹត្តទៅធ្វើការផាកពិន័យ ។

ដោយឡែក ថៅកែរោងចក្រទឹកកក បានផ្តិតមេដៃទទួលស្គាល់ថា គាត់ពិតជាបានលួចទឹកប្រើប្រាស់ពិតប្រាកដមែន និង ព្រមចូលខ្លួនទៅដោះស្រាយនៅពេល ដែលមន្រ្តីអធិការកិច្ច និងមន្រ្តីរដ្ឋាករទឹក ស្វយ័តរាជធានីភ្នំពេញរកឃើញកំហុស របស់គាត់ពិតប្រាកដហើយ ៕ ហេង នរិន្ទ្រ

 

a1-2 a1-3 a1-1


ចែករំលែក៖