ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះថា កម្ពុជានឹងទិញយន្តហោះពីអាមេរិកចំនួន១០គ្រឿង ជាជំហ៊ានដំបូងហើយមានសិទ្ធទិញចំនួន១០គ្រឿងបន្ថែម ទៀតក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា«ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រៀងថែមទៀត តែឥឡូវកំពុងចរចា ហើយសង្ឃឹថា ខែ៨ (ខែសីហា)នេះ អាចចុះកិច្ចព្រមព្រៀងមួយ បញ្ជាក់ពីការទិញ ប៉ុន្តែយន្តហោះសូមជំរាបថា មិនងាយមកទេ ដោយសារអ្វី? គឺរោងចក្រប៊ូអ៊ីង គឺពេញទាំងអស់ ឆ្នាំ២០៣១ទើបមានយន្តហោះថ្មីនេះ។ យើងចុះកិច្ចព្រមព្រៀងឆ្នាំនេះ (២០២៥)មែន ប៉ុន្តែឆ្នាំ២០៣១ទើប យន្តហោះថ្មីនោះអាចចូលមកកម្ពុជាបាន»។
ទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកវិញ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា អាមេរិកបានទិញទំនិញពីកម្ពុជាច្រើនជាងកម្ពុជាទិញពីអាមេរិក ប៉ុន្តែអាមេរិកគេយល់ហើយថា កម្ពុជាមិនមានថវិកាគ្រប់គ្រាន់ទិញទំនិញច្រើនដូចដែលអាមេរិកទិញពីកម្ពុជានោះឡើយ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «អាមេរិកទិញទំនិញច្រើនជាងយើងទិញពីគាត់ប៉ុន្តែសហរដ្ឋអាមេរិកលោកយល់ហើយ ដោយកម្ពុជាយើងនាំចេញទៅសហរដ្ឋអាមេរិក១២ពាន់លាន កម្ពុជាមិនមានថវិកាទិញសម្ភារៈអ្វីមកពីអាមេរិក១២ពាន់លានទេ គាត់យល់ច្បាស់ណាស់»៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច