ភ្នំពេញ៖ យុវជនម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុយ៉ាងធ្ងន់ធ្ងរ ដោយសារជិះម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ក្នុងល្បឿនលឿន ហើយត្រូវម៉ូតូគ្រឿងបុកពេញទំហឹង កាលពីវេលាម៉ោង១១ និង១០ទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវព្រះមុនីរ៉េតស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនមិនស្គាល់ឈ្មោះម្នាក់ បានជិះម៉ូតូម៉ាក Today ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FD-8611 ធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតទៅលិចបើកបញ្ច្រាសផ្លូវចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុត្រង់ចុងស្ពានស្ទឹងមានជ័យ ក៍មានម៉ូតូ១គ្រឿងទៀតមិនចាំម៉ាកបើកពីលិចទៅកើត ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងទ្រូងផ្លូវរងរបួសបែកក្បាល និងដាច់ត្រចៀកខាងឆ្វេងម្ខាង សន្លប់ ស្ដូកស្ដឹងក្នុងថ្លុកឈាម នៅកន្លែងហើយត្រូវបានរថយន្តមកដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង ហើយយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់យកទៅប្រើប្រាស់វិញ ៕ ប្រាថ្នា