ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវ០៥ថ្ងៃ តាមចាប់ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ ក្នុងសង្កាត់ទួលសង្កែទី២ ទាំងកណ្ដាលយប់

ចែករំលែក៖

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ ត្រូវបានអស់លក្ខ ក្រោយរត់គេចខ្លួនបាន ០៥ថ្ងៃ បន្ទាប់ពីសកម្មភាពវាយប្លន់ ម៉ូតូមួយគ្រឿង បានសម្រេចកាលយប់រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ។

ប្រតិបត្តិការណ៍នេះដែរបានធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នឹង ជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាអោយលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើយ៉ាងណាបង្រ្កាបបទល្មើស នៅក្នុងមូលដ្ឋានអោយខានតែបាន ។ 

នគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងថា យោងតាមចម្លើយរបស់ជនរងគ្រោះ កាលពីម៉ោង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានអង្គុយលេងលើម៉ូតូ កំពុងនិយាយគ្នាជាមួយប្អូនរបស់ខ្លួន នៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២  ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់ បានជិះម៉ូតូ០២គ្រឿង មកដល់ចំណុចកើតហេតុខាងលើ រួចធ្វើសកម្មភាពវាយនឹងយកដបទឹកគប់ទៅលើជនរងគ្រោះ រួចឆក់សោរម៉ូតូ ឡើងជិះម៉ូតូរត់គេចខ្លួនតែម្តង ។

ប្រភពពីនគរបាលបន្តថា រហូតមកដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង ០៩យប់ គឺរយៈពេល០៥ថ្ងៃគត់ ដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នឹងចុះឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ ក្នុងផ្ទះសំណាក់មួយកន្លែង ដែលជាទីតាំងពួនសម្ងំលាក់ខ្លួន ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការកសាងសំណុំរឿងជនសង្ស័យទាំង០៥នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖