សូមលើកថា ៖ ប៊ុនសុីម ផាកក្លាង មេទ័ពបន្ថោកតម្លៃថៃ! មេទ័ពឧក្រិដ្ឋជនសង្គ្រាមតំបន់អាស៊ានឆ្នាំ២០២៥!
១-ភាពតានតឹង រហូតក្លាយជាសង្គ្រាមកម្ពុជា-ថៃ ថ្មីៗនេះ នឹងមិនកើតឡើងឡើយ បើកស្ដេចថៃ ឬអ្នកមានអំណាចណាមួយនៅថៃ មិនតែងតាំងមេទ័ពរូបនេះ ឱ្យមកគ្រប់គ្រងភូមិភាគ២!
២-តើជាចេតនាស្ដេចថៃ? ឬជនល្មោភសង្គ្រាមរូបណា ឬជាមហិច្ឆតាស្រេកឃ្លានសង្គ្រាម ដើម្បីកសាងគុណសម្បត្តិមុនចូលនិវត្តន៍របស់មេភូមិភាគ២រូបនេះ?
៣-ប្រជាជនថៃ ច្បាស់ជាចាំសម្ដីអួតក្អេងក្អាងរបស់មេទ័ពរូបនេះ ដែលប្រកាសវាយកងទ័ពកម្ពុជាឱ្យចប់សព្វគ្រប់ ត្រឹមរយៈពេល៣ថ្ងៃ។
៤-មហិច្ឆតាបង្កើតសង្គ្រាមពិតបានជោគជ័យក្លាយជាការពិតមែន! ប៉ុន្តែសម្ដីអួតអាងនោះ បានក្លាយជាកាំបិតបរាជ័យចាក់ក្បាលខ្លួនឯងយ៉ាងអាម៉ាស់ ទាំងមេភូមិភាគ២ និងទាំងប្រជាជនថៃដែលនិយមសង្គ្រាម និងជឿលើការអួតអាងនោះ។
៥-កុំថាឡើយ៣ថ្ងៃរៀបរយ! សង្គ្រាម៥យប់ ៥ថ្ងៃ ដែលបញ្ចប់ទៅក្រោមបទឈប់បាញ់នៅម៉ាឡេស៊ី បានបង្ហាញលទ្ធផលយ៉ាងច្បាស់ហើយថា កងទ័ពថៃបរាជ័យគ្រប់សមរភូមិ! គឺបរាជ័យមិនអាចវាយចូលកាន់កាប់ទឹកដីកម្ពុជាបាន! គឺបរាជ័យមិនអាចគ្រប់គ្រងទីតាំងដែលខ្លួនធ្លាប់មានវត្តមានជាមួយកងទ័ពកម្ពុជាបាន! និងជាពិសេស គឺបរាជ័យការទូតដល់អាម៉ាស់លើឆាកអន្តរជាតិ។
៦-ទំនងជាចុកទ្រូងស្ទើរក្អួតឈាម ទាំងមេទាំងកើយហើយមើលទៅ ទើបបានជានាថ្ងៃទី១០ ខែសីហានេះ មេទ័ពបរាមុខ ប៊ុនសុីម ផាកក្លាង បានប្រកាសជាចំហរដោយគ្មានកេរ្ត៍ខ្មាស់
ជាថ្មីទៀត ត្រៀមវាយយកប្រាសាទតាក្របី និងឈានទៅវាយដើម្បីបិទជាបណ្ដោះអាសន្ន និងជាអចិន្ត្រៃយ៍ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ!
៧-តើសម្ដីខាងលើនេះ ជាសម្ដីមេទ័ពស្នេហាជាតិ? ខ្ញុំជឿថា ជនជាតិថៃអ្នកមានវិចារណញ្ញាណ ទំនងជាអាចពិចារណាបាន! ប៉ុន្តែពួកងប់សង្គ្រាម និងងប់ការឈ្លានពានដល់កម្រិតកំពូល ទំនងជាចាត់ទុក ថាវាជាសម្ដីប្រកបដោយភាពអង់អាចហើយមើលទៅ។
៨-យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ កុំថាឡើយអាស៊ាន សូម្បីអង្គការសហប្រជាជាតិទាំងមូល ក៏ទំនងជាយកប៊ិចខ្មៅសរសេរកត់ត្រាទុកសម្ដីដ៏គឃ្លើនរបស់មេទ័ពថៃរូបនេះ ដោយថែមទាំងគូសបន្ទាត់ក្រហមពីក្រោមទៀតផង ដើម្បីដៅសម្គាល់ថា ប៊ុនសុីម ផាកក្លាង មេទ័ពជាតិសាសន៍ ជាឧក្រិដ្ឋជនសង្គ្រាម ប្រចាំឆ្នាំ២០២៥ នៅតំបន់អាស៊ាន។
៩-សំណួរដែលត្រូវសួរជាថ្មីទៀត តើមេទ័ពរូបនេះ ពិតជាហ៊ានធ្វើ? បើធ្វើពិតជាទទួលបានជោគជ័យ? ចម្លើយ គឺសហគមន៍អន្តរជាតិមុខជានឹងសំពងក្បាលការទូតលើជននេះ រួមទាំងមេកើយបិសាចសង្គ្រាមនៅខាងលើៗ ឱ្យភ្ញាក់ខ្លួនឈប់បំពានគោលការណ៍អន្តរជាតិ ជាពិសេសបទឈប់បាញ់នៅម៉ាឡេស៊ី ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំចេញមុខត្រួសត្រាយអស់ពីដៃពីជើង ពុំខានឡើយ។
សរុបមក សូមកុំភ្លេចថា យុទ្ធជនខ្មែរ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន គឺតាំងពីដើមមក រហូតដល់ឥឡូវ និងតទៅមុខទៀតក៏ដូចគ្នា មិនមែនជាអ្នកមានផែនការ ឬប្រតិបត្តិផែនការឈ្លានពានទឹកដីប្រទេសជិតខាងណាមួយឡើយ! ផ្ទុយទៅវិញ គឺជាយុទ្ធជនការពារតែបូរណភាពទឹកដីខ្លួនដែលសេសសល់! ជាយុទ្ធជនត្រូវការសន្តិភាព ប៉ុន្តែដាច់ខាតមិនឱ្យមានការឈ្លានពានសូម្បីមួយមីលីម៉ែត្រ! និងជាពិសេស ជាយុទ្ធជនដែលស្ដាប់បទបញ្ជា តាំងពីកម្រិតកំពូលថ្នាក់ជាតិ រហូតដល់កម្រិតយុទ្ធជនជួរមុខនៅតាមលេណដ្ឋាន!
មិនទាន់ហួសពេលទេ! សូមកុំស្ពាយឈ្មោះចូលនិវត្តន៍ជា ឧក្រិដ្ធជនសង្គ្រាម ឱ្យសោះ ប៊ុន ស៊ីម ផាកក្លាង…! ៕
ទស្សនៈប្រជាជន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច