ភ្នំពេញ ៖ កម្ពុជា និងសហគមន៍អន្តរជាតិ បារម្ភពីជោគវាសនា របស់យោធិន ១៨ រូប និងបន្តជំរុញឱ្យថៃ ដោះលែងជាបន្ទាន់ ខណៈមកទល់នឹងថ្ងៃទី១១ ខែសីហានេះ គឺមានរយៈពេល ១៣ថ្ងៃហើយ ដែលទាហានថៃ បានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ គឺនៅព្រឹកថ្ងៃទី២៨ កក្កដា ក្រោយបទឈប់ចូលជាធរមាន។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ ក្រសួងការពារជាតិកម្ពុជា បានស្នើជាថ្មី ឱ្យភាគីថៃ ប្រញាប់បញ្ជូនកងកម្លាំងកម្ពុជា ទាំង១៨រូបមកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដោយទទូចរបស់បណ្តាប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។
អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ ថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃ បំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។ «យើងមិនទុកសមាជិកគ្រួសារយើងណាម្នាក់ចោល និងឯកោដាច់ខាត។»។ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់បន្ថែមបែបនេះ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ កងទ័ពកម្ពុជាចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាំង១៨នាក់នេះត្រូវបានគេអះអាងថាមានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ។តាមរយៈ អ្នកនាំពាក្យក្រសួងការពារ កម្ពុជាក៏នៅតែបន្តអំពាវនាវឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច