ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារត្រូវរថយន្តវ៉េអងមួយគ្រឿង ស្របពេលមេឃកំពុងភ្លៀង ព្យាយាមចាប់ហ្វាំង ធ្វើឱ្យរអិល ក៏រេចង្កូតបុកចូលផ្ទះអ្នកស្រុកដែលនៅជាប់ផ្លូវ ក្នុងពេលដែលជនរងគ្រោះកំពុងអង្គុយនៅក្នុងផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គ្រូឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣១០ត្រង់ចំណុចឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តវ៉េអងមួយគ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ 4A-0051 ដឹកស៊ីម៉ងត៍ពេញរថយន្ត ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ ដោយ សារតែមេឃកំពង់ភ្លៀង រថយន្តព្យាយាមចាប់ហ្វាំង ក៏ធ្វើឱ្យរអិលរេចង្កូតបុកចូលផ្ទះអ្នកស្រុកនៅជាប់ផ្លូវ ដែលផ្ទះនោះធ្វើពីស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ។ ដោយរថយន្តបានកិនផ្ទះរៀបដល់ដី ហើយមនុស្សក្នុងផ្ទះស្លាប់ចំនួន៣នាក់ ក្នុងនោះមនុស្សចាស់២នាក់,ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ចចំណែក៦នាក់ផ្សេងទៀតមានក្មេងចាស់ប្រុសស្រីបានរងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កបានរត់ គេចខ្លួនបាត់ ចំណែកអ្នកភូមិបានផ្អើលមកចោមរោមមើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជួយទាញយកក្មេងប្រុសម្នាក់ចេញពីក្រោមរថយន្តនិងដឹកយកជនរងគ្រោះទាំង៦នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១-ឈ្មោះ ប៉ែន ចេន ភេទប្រុសអាយុ៧៧ឆ្នាំ ជាប្តី,ទី 2-ឈ្មោះ ជា ហម ភេទស្រីអាយុ៧៥ឆ្នាំជាប្រពន្ធ និងទី 3-ឈ្មោះ ចេន ចននីតា ភេទស្រី អាយុ៨ឆ្នាំជាចៅ ។ អ្នកទាំង៣មានទីលំនៅឯខេត្តតាកែវ។ ថ្ងៃកើតហេតុនោះ ពួកគាត់បាននាំគ្នាមកលេងកូន នៅផ្ទះកើតហេតុហើយពេលកំពុងអង្គុយជជែកគ្នាលេងនៅក្នុងផ្ទះសុខៗ ក៏ត្រូវរថយន្តបុកចូលកិនស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តតាកែវ ចំណែកជនរងគ្រោះ៦នាក់ទៀត អ្នកខ្លះព្យាបាលនៅមន្ទីរពេទ្យខេត្ត ព្រៃវែង និងខ្លះទៀតត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច