ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបុរសម្នាក់ក្រោយប្រើហិង្សាដោយប្រើពូថៅផឹកកាប់បុរសម្នាទៀតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេ បានផឹកស៊ីទាល់ពាក្យសំដីគ្នា និងបានយកពូថៅទៅកាប់លើជនរងគ្រោះចំនួន ២ពូថៅបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការនេះ បានកើតឡើងកាលពីម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ គ្មានលេខ ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ថន កុសល ហៅមឿក អាយុ ៣៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះ ហេង ណារ៉េត ហៅម៉ាប់ អាយុ ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែលជា ៤រសៀលជនរងគ្រោះបានដើរចេញពីផ្ទះទៅអង្គុយផឹកស្រាជាមួយអ្នករស់នៅក្បែរគ្នា ដោយបានទៅអង្គុយនៅផ្ទះឈ្មោះ រី ភេទស្រី រហូតដល់ម៉ោងប្រហែល ៧ជាងយប់ ទើបជនរងគ្រោះបានដើរយកលុយទៅសងឈ្មោះ ប្រុស ដែលមានផ្ទះនៅទល់មុខគ្នា ខណៈពេលនោះ ស្រាប់តែបានឃើញជនសង្ស័យឈ្មោះ ថន កុសល កំពុងតែអង្គុយផឹកស្រានៅទីនោះតែម្នាក់ឯង រួចជនរងគ្រោះ ក៏បានដើរចូលទៅ គោលបំណងយកលុយទៅសងឈ្មោះ ប្រុស ដោយមិនទាន់បានយកលុយសងផង ស្រាប់តែជនសង្ស័យបានឃើញជនរងគ្រោះដើរចូលទៅ ស្មានថា ជនរងគ្រោះចូលទៅវាយខ្លួន ដោយសារតែជនសង្ស័យហើយនិងជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នា ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានស្ទុះងើបឡើងទៅយកពូថៅពីក្នុងផ្ទះដែលខ្លួនកំពុងតែអង្គុយផឹក ទៅកាប់លើក្បាលជនរងគ្រោះចំនួន ២ពូថៅបណ្តាលអោយរងរបួសធ្ងន់ រួចជនសង្ស័យបានរត់គេចខ្លួន ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានទទួលដំណឹងពីបងប្អូនជនរងគ្រោះ ហើយជិះដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោងប្រហែលជាង ១០យប់ ថ្ងៃទី២៣ ខែកញ្ញា ក៏បានប្រទះឃើញជនសង្ស័យនៅចំណុចស្ពានអាកាស ៥មករា ដែលស្ថិតនៅក្បែរសាលាតិចណូ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទើបកំលាំងយើងឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

image3 image2 image1


ចែករំលែក៖