ប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា បានប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេកាប់ជាកង់ៗ រួចដាក់នៅក្នុងទូទឹកកក អំឡុងពេលដែលកម្លាំងប៉ូលិសធ្វើប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យលួចបន្លំលិខិតឆ្លងដែរ (passport) និងបានរកឃើញថ្នាំញៀញ ព្រមទាំងកាំភ្លើងផងដែរ ។
ប៉ូលិសថៃបានធ្វើប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចបន្លំលិខិតឆ្លងដែននាថ្ងៃទី២៤ ខែកញ្ញា ដោយលទ្ធផលចាប់ខ្លួនក្រុមជនសង្ស័យ៥នាក់ ។ ប៉ូលិសម្នាក់ត្រូវរងការបាញ់ប្រហារ ហើយរងរបួសក្នុងអំឡុងពេលប្រតិបត្តិការនេះ ។
ស្នងការប៉ូលិសក្រុងបាងកក លោក Sanit Mahathavorn បានប្រាប់ក្រុមអ្នកកាសែតថា អ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ មានបុរសនិយាយភាសាអង់គ្លេស៣នាក់ និង២នាក់ប្តីប្រពន្ធជនជាតិភូមា ។
ប្រព័ន្ធផ្សព្វផ្សាយថៃ រាយការណ៍ថា បុរសនិយាយភាសាអង់គ្លេស៣នាក់នោះ ២នាក់ជាជនជាតិអាមេរិក និងម្នាក់ទៀតជាពលរដ្ឋ Briton ។ ទោះយ៉ាងណា ករណីនេះមិនទាន់លាតត្រដាងលម្អិតនៅឡើយទេ ។
ប៉ូលិសបញ្ជាក់ថា អំឡុងពេលវាយឆ្មក់ ប៉ូលិសបាននាំខ្លួនជនសង្ស័យម្នាក់ បន្ទាប់មកជននេះបានបាញ់ប្រហារមកលើសមត្ថកិច្ចបណ្តាលឲ្យរងរបួសម្នាក់ ។
នៅពេលក្រោយមកទៀត សាកសពបុរសបរទេសម្នាក់ មានសក់ពណ៌ទង់ដែង ត្រូវបានរកឃើញដាច់ជាកង់ៗ ដាក់នៅក្នុងទូកកធំមួយនៅជាន់ក្រោមនៃផ្ទះមួយកន្លែង ។ សាកសពត្រូវកាត់ជា៦កំណាត់ ដាក់នៅក្នុងថង់ពណ៌ខ្មៅ ញាត់ទុកនៅក្នុងទូទឹកកក។
ប៉ូលិសអះអាងថា ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរនៅស្ថានីយប៉ូលិសភាគនិរតីទីក្រុងបាងកក ៕ ថាច់ យ៉ាត