ភ្នំពេញ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំមួយរហូតមានការផ្ទុះអាវុធ២គ្រាប់បណ្តាលឲ្យអ្នកជួញដូរ ម្នាក់រងរបួសធ្ងន់ គ្រាដែលសមត្ថកិច្ចហៅឲ្យឈប់ដើម្បីឆែកឆេរ បែរជាជិះម៉ូតូរត់ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយជនសង្ស័យបានជិះម៉ូតូរត់ ពីនោះទៅដល់កែងវត្តស្ទឹងមានជ័យ ទើបសមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធបណ្តាលឲ្យត្រូវចំដោះ ឆ្វេងធ្លាយទៅក្រោយ តែម្តង ។
មន្រី្តនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរ បាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានដាក់កម្លាំងសម្ងាត់ធ្វើជាថ្នាក់ទិញគ្រឿងញៀនពីជនសង្ស័យឈ្មោះ ទូច មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ(របួស) នៅក្រោយផ្សារសុវណ្ណា ។ ពេលនោះជនសង្ស័យនិងបក្ខពួក៦នាក់ទៀតជិះម៉ូតូ៤គ្រឿងយកថ្នាំញៀនទៅដល់ តែមិនទាន់ដោះដូរថ្នាំញៀនផងជនសង្ស័យទាំងនោះបានកញ្ឆក់ស្បោង លុយពីកម្លាំងសម្ងាត់ជិះម៉ូតូរត់ ធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបានជិះម៉ូតូដេញតាមដល់កែងវត្ត ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក៏ផ្ទុះអាវុធពីរគ្រាប់ត្រូវឈ្មោះ ទូច មករា តែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យឈ្មោះ ទូច មករា រងរបួស បក្ខ ពួកឯទៀតបាននាំគ្នាគេចខ្លួនបាត់អស់ រួមទាំងម្នាក់ជិះម៉ូតូជាមួយជនសង្ស័យខាងលើផង។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនមួយចំនួន ម៉ូតូមួយគ្រឿង និង បានបញ្ជូនជនសង្ស័យដែលរងរបួសទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមដែរ ។
បច្ចុប្បន្នជនសង្ស័យដែលរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ក្រោមការ យាមកាមយ៉ាងម៉ត់ចត់របស់សមត្ថកិច្ច និងកំពុងស្រាវជ្រាវចាប់បក្ខពួកសេសសល់ជាច្រើននាក់ទៀត៕ ជីម ភារ៉ា