ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យកន្លែងស្នាក់នៅរបស់បេក្ខជននៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យកន្លែងស្នាក់នៅរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ។

គួរបញ្ជាក់ផងដែរថា សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះវិហារ មានចំនួន ១៩១៣នាក់ ស្រី ១០៨៣នាក់ ដូច្នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងធានាសុខសុវត្ថិភាពជូនសិស្សានុសិស្សកំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ អាជ្ញាធរដែនដី បានរៀបចំកន្លែងស្នាក់នៅចំនួន ០១កន្លែង នៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ ជូនដល់សិស្សានុសិស្ស។ បន្ថែមពីនេះ សម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តព្រះវិហារ ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល និងមីកញ្ចប់មួយចំនួនផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ ជាពិសេសគឺទទួលបាននិទ្ទេសល្អៗដែលខ្លួនប្រាថ្នា៕

ដោយ ៖ សិលា


ចែករំលែក៖