ខេត្តប៉ៃលិន៖ លោក ស្រី អភិបាលខេត្តប៉ៃលិន និង សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី អភិបាលរងខេត្ត លោក លោកស្រី លោក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល ក្រុង ស្រុក យុវជន ស ស យ ក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន២៥០០ដើម ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣០។
លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅបន្តវេននូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពិធីនេះ បានអាក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព ការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។
លោកស្រី អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានកំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ ឲ្យល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០។
នៅក្នុងឱកាសនោះផងដែរ លោក ស្រី ក៏បានអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើ ដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរ ឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឆ្នាំ២០២៥នេះ ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងភូមិទំនប់ ឃុំស្ទឹងត្រង់ ដើម្បីប្រារព្ធរុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន២៥០០ដើម មានដូចជា៖ បេង គ្រញូង នាងនួន ធ្នង់ ក្ងោកត្របែកព្រៃ និងជើងគោ សម្រាប់ដាំក្នុងពិធី រុក្ខទិវា និងចែកជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត សាលារៀន និងប្រជាពលរដ្ឋដាំតាមមូលដ្ឋានផងដែរ៕ដោយ÷ស សារ៉េត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច