ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល៧០ឆ្នាំកន្លងមកធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនស្លាប់

ចែករំលែក៖

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបានហូរកួចទាហានកូរ៉េខាងជើងជាច្រើននាក់ទៅបាត់និងបំផ្លាញទីតាំងយោធាទាំងស្រុងនៅក្នុងតំបន់រងការវាយប្រហារដោយទឹកជំនន់។ គ្រោះទឹកជំនន់ខាងលើត្រូវបានគេវាយតម្លៃថាជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៧០ឆ្នាំកន្លងមក។

មន្ត្រីកូរ៉េខាងជើងក៏បានស្នើសំុជំនួយពីលោកខាងលិចក្រោយពេលទទួលស្គាល់ ថា ពលរដ្ឋរបស់ខ្លួនកំពុងប្រឈមនឹងគ្រោះ ថ្នាក់ដោយសារកង្វះខាតគ្រប់យ៉ាង។

តាមប្រភពព័ត៌មានពីកូរ៉េខាងជើងបានឲ្យដឹងថា ទាហានរាប់រយនាក់បានស្លាប់និង បាត់ខ្លួនក្រោយពីទីតាំងយោធាត្រូវទឹកជន់ពន្លិច ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កម្លាំងទាហានកំពុងតែដេកក៏ស្រាប់តែបាក់ទំនប់នៅដងទន្លេ Tumen កួចយកទៅបាត់ តែម្តង។

កូរ៉េខាងជើងមានកងពលទាហានប្រចាំនៅព្រំដែនជាប់ប្រទេសចិន និងរុស្ស៊ី ហើយទីតាំងយោធាទាំងនោះមានចម្ងាយពីទន្លេ Tumen តែ២០គីឡូម៉ែត្រប៉ុណ្ណោះដែលជារឿងដ៏គ្រោះថ្នាក់បំផុតពេលបាក់ទំនប់។

សារព័ត៌មាន Daily NK បានផ្សាយថា មកទល់ពេលនេះរដ្ឋាភិបាលកូរ៉េខាងជើងមិនទាន់ទទួលស្គាល់ថាមានការបាត់បង់កម្លាំងទាហានរបស់ខ្លួននៅឡើយទេ។

កម្លាំងទាហានកូរ៉េបានដាក់ពង្រាយនៅទីនោះ ប៉ុន្តែមិនបានស្វែងរកអ្នកបាត់ខ្លួនឡើយដោយផ្តោតទៅលើការទុកដាក់អាវុធ គ្រាប់រំសេវ ក្រោយពីឃ្លាំងអាវុធត្រូវទឹកកួចបាត់នោះ។

កន្លងមកអ្នកនាំពាក្យក្រសួងការបរទេសលោក sun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនូវធនធានទាំងអស់សម្រាប់កម្មវិធីបរមាណូ ដោយមិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយគ្រោះថា្នក់ទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេអូ៊លនឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើឡើយ។

ភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមីស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនោះមានច្រើនជាងការខូចខាតបង្កឡើងដោយទឹកជំនន់ ។ លើសពីនេះទៅទៀតការណ៍ដែលកូរ៉េខាងជើងផ្តល់អាទិភាពទៅលើកម្មវិធីបរមាណូ ដោយមិនយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋជារឿងមួយមិនអាចលើកលែងឲ្យបានឡើយ។

ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូងនេះកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានស្នើដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

ក្រោយការសាកល្បងគ្រាប់បែកបរមាណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះកំពុងប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែ ការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបរមាណូរួច ។

ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែ យោងតាម អ.ស.ប.បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគ្រោះមហន្តរាយធម្មជាតិនេះមានចំនួន១៣៨នាក់និងបាត់ខ្លួនចំនួន៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែលជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើងនៅលើត្រើយម្ខាងនិងជាមួយប្រទេសចិន រុស្ស៊ីនៅលើត្រើយម្ខាងទៀត។

យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់និងទីលំនៅសម្រាប់ជ្រកកោន ពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិឋាននិងលំនៅរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះ ថ្ងៃទី២៩ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការ កាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ១៩៤៥មក។ នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។

នេះគឺជាលើកទីមួយដែរដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងនេះបានផ្តល់តួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួនចំនួន៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញ បានរាប់ឃើញរហូតទៅដល់១០៧.០០០នាក់។

ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាង តិច២៩.៨០០កន្លែង និងអគាររដ្ឋ៩០០ កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង ១៨០និងស្ពានជាង៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងបណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ក៏ឆ្លៀតលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងផងដែរអំពីការសន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីរៀបចំស្តារនិងសាងសង់តំបន់រងមហន្តរាយឡើងវិញ៕ ម៉ែវ សាធី

 

north-korea-flood north-korea


ចែករំលែក៖