ក្តីសង្ឃឹមនិងភាពសប្បាយរីករាយដែល អាមេរិកនិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងឈប់ បាញ់នៅស៊ីរីដំណើរការមិនបានប៉ុន្មានក៏ ត្រូវបិទបញ្ចប់ទៅវិញ ក្រោយពីអាមេរិកបើក ការវាយប្រហារច្រឡំទៅលើកម្លាំងទាហាន ស៊ីរីនៅតំបន់ Deir Ez Zor សម្លាប់ទាហានរដ្ឋាភិបាល៦២នាក់និងជាង១០០នាក់រង របួស។
ការវាយប្រហារខាងលើបានធ្វើឲ្យវិវាទកាន់តែជ្រៅទៅពីមួយថ្ងៃទៅមួយថ្ងៃរវាង រុស្ស៊ីនឹងអាមេរិកធ្វើឲ្យរស្ស៊ីត្រូវកោះប្រជុំជាបន្ទាន់នៅឯអង្គការសហប្រជាជាតិដើម្បី ពិភាក្សាពីបញ្ហាស៊ីរី។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រោយ ហេតុការណ៍ខាងលើអ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកបានប្រកាស ពីការសោកស្តាយដែលបានវាយប្រហារច្រឡំខាង លើ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា កម្លាំងទាហានសម្ពន្ធមិត្តដែលដឹកនាំដោយអាមេរិកនឹកស្មានថា ទីតាំងទាំងនោះ ជារបស់ក្រុមអ៊ិស្លាមIS។ កម្លាំងទាហានអាមេរិកក៏បានផ្អាកការវាយប្រហារក្រោយពេល រុស្ស៊ីបានប្រកាសប្រាប់ពីការវាយប្រហារខាងលើ។
ភ្លាមៗនោះរុស្ស៊ីបានស្នើដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំ ជាបន្ទាន់។ តំណាងភាគីស៊ីរីបានបញ្ជាក់ថា ការវាយប្រហារទម្លាក់គ្រាប់បែកច្រឡំខាងលើបានគំរាមកំហែងដល់ការខិតខំរបស់ អន្តរជាតិប្រឆាំងនឹងក្រុមភេរវកម្មIS ។
ចំណែកអាមេរិកវិញ ឯកអគ្គរដ្ឋទូត ប្រចំានៅអង្គការសហប្រជាជាតិលោកស្រី Samantha Power បានបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោនកំពុងតែស្រាវជ្រាវពីការវាយប្រហារច្រឡំខាងលើ។ ឯកអគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ទៀតថា ការណ៍ដែល រុស្ស៊ីស្នើកោះប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិជាបន្ទាន់នោះគឺជារឿង «បន្លំ ភ្នែក» ដោយកន្លងមករុស្ស៊ីមិនដែលបង្ហាញ ការខឹងសម្បាបែបនេះឡើយចំពោះសកម្មភាពវាយប្រហាររបស់ទាហានរដ្ឋាភិបាលស៊ីរីជាង៥ឆ្នាំសម្លាប់ពលរដ្ឋស្លូតត្រង់រាប់ មឺុននាក់។
អ្នកឯកទេសស្រាវជ្រាវលោក Eyal Zisser ស្តីពីតំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក របស់មជ្ឈមណ្ឌល Dayan Moshe បង្ហាញ ឲ្យឃើញថា «អាមេរិកនិងរុស្ស៊ីពេលនេះមាន វិវាទយ៉ាងធំធេងក្នុងការបែកចែកខាងណាជាក្រុមភេរវកម្មISខាងណាជាទាហានស៊ីរី ឬតួនាទីរបស់លោកអាលអាសាដនៅក្នុងកិច្ចព្រមព្រៀងនោះ»។
កន្លងមកភាគីអាមេរិកបានលើកឡើងពីគម្រោងថា លោក អាលអាសាដ ត្រូវដកចេញពីការផ្លាស់ប្តូរនយោបាយនៅក្នុង ប្រទេសស៊ីរី។
លោក Eyal Zisser បញ្ជាក់ថា «ការ វាយប្រហាររបស់អាមេរិកគឺជាសកម្មភាពដែលបានឡើងគម្រោងពីមុនជាយូរ មិនមែន ជាការច្រឡំឡើយដើម្បីរារាំងទាហានរដ្ឋាភិបាលស៊ីរីឆ្ពោះទៅមុខ និងរារាំងបទឈប់ បាញ់គ្នាដែលមិនបានផ្តល់ផលប្រយោជន៍ដល់អាមេរិកនិងសម្ព័ន្ធ»។
ភាគីរុស្ស៊ីបានអំពាវនាវដល់សហគមន៍អន្តរជាតិគាំទ្ររដ្ឋាភិបាលស៊ីរីនៅក្នុងសង្គ្រាម វាយប្រហារក្រុមIS។ ប៉ុន្តែពេលនេះអាមេរិក បានប្រព្រឹត្តខុសឆ្គងគួឲ្យសោកស្តាយនៅពេលដែលកំពុងមានប្រៀបលើក្រុមភេរវកម្ម ហើយនោះ។ អនុប្រធានរដ្ឋសភារុស្ស៊ីលោក Umakhanov បញ្ជាក់ថា ពេលនេះរុស្ស៊ីបន្តអនុវត្តគោលនយោបាយដែលខ្លួនបានអនុវត្តនាពេលកន្លងមកដោយសារតែអាមេរិកពេលនេះមិនគួរឲ្យទុកចិត្តទៀតឡើយ។
ការវាយប្រហារច្រឡំរបស់អាមេរិកបាន បង្កឲ្យមានការមន្ទិលសង្ស័យសាជាថ្មីកើតឡើង។ សាធារណមតិបានលើកឡើងថាការវាយប្រហារខាងលើរបស់អាមេរិកគឺដើម្បីជួយការពារដល់ក្រុមISរួចផុតពីការវាយប្រហាររបស់ទាហានរដ្ឋាភិបាលស៊ីរី។ ពេល នេះអាមេរិកមានបំណងទុកក្រុមISប្រើប្រាស់ សិនមិនទាន់កម្ចាត់នាពេលនេះឡើយ។
សកម្មភាពខាងលើបានធ្វើឲ្យគេនឹកឃើញដល់សកម្មភាពនាពេលកន្លងមកនៅក្នុងប្រទេសអីុរ៉ាក់ដែលអាមេរិកបាន ទម្លាក់ស្បៀងអាហារ និងអាវុធច្រឡំទៅ ឲ្យក្រុមIS ជារឿងមួយធ្វើឲ្យសហគមន៍អន្តរ ជាតិមិនជឿទាល់តែសោះនូវសកម្មភាព បែបនេះរបស់អាមេរិក។ នោះជាចេតនា ដើម្បីជួយដល់ក្រុមISបន្តសកម្មភាពនៅក្នុង ប្រទេសអីុរ៉ាក់។
សកម្មភាពខាងលើបានជួយដល់ក្រុមអ៊ិស្លាមIS មានពេលដកដង្ហើមគេចពីការ វាយប្រហាររបស់រុស្ស៊ីនិងស៊ីរី។ ក្រុមISមាន ការធូរស្រាលជាងមុនគឺមិនទទួលរងការវាយ ប្រហារដូចកាលពីពេលមុនឡើយដោយសារតែអាមេរិកបានបង្វែរទិសដៅទៅកាន់កន្លែងផ្សេងទុកឲ្យក្រុមនេះមានឱកាសរស់រានមានជីវិតបន្តទៀត។
ការវាយប្រហារ ហើយផ្អាករួចវាយ ប្រហារគឺជាយុទ្ធសាស្ត្ររបស់អាមេរិក។ កន្លងមករុស្ស៊ីបានចោទប្រកាន់ថា អាមេរិកគឺជាអ្នកបង្កើតឲ្យមានក្រុមIS ហើយអាមេ រិកជាអ្នកនៅពីក្រោយខ្នង ទាំងនោះហើយទើបមិនអាចផ្តួលរំលំក្រុមនេះបានសម្រេច។
កន្លងមកថ្មីៗរុស្ស៊ីក៏បានវែកមុខថា តើ អ្នកណាជាអ្នកផ្តល់រថយន្តជាច្រើនគ្រឿងទៅឲ្យក្រុមISប្រើប្រាស់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បញ្ជាក់ថា ទីក្រុងមូស្គូបានស្នើឲ្យអាមេរិកបញ្ចប់ការនិទានរឿងព្រេងពី កាំជ្រួចមីស៊ីលរបស់រុស្ស៊ីទៀតទៅដោយ និយាយពីមូលហេតុថា តើក្រុមអ៊ិស្លាមបង្កើត រដ្ឋមានរថយន្តតូយ៉ូតាជាច្រើនប្រើប្រាស់នៅ ក្នុងប្រទេសស៊ីរីនោះវិញ?
លោកស្រី Zakharova បញ្ជាក់ថា «ប្រភព ដែលមិនបញ្ចេញឈ្មោះបានវិភាគតែពីរឿង កាំជ្រួចមីស៊ីលរុស្ស៊ីម្តេចក៏មិនលើកឡើងថា ហេតុអ្វីបានជាក្រុមអ៊ិស្លាមបង្កើតរដ្ឋមាន រថយន្តម៉ាកតូយ៉ូតាជាច្រើនប្រើប្រាស់។ ដូច្នេះ សូមកុំចេះតែនិយាយពីកាំជ្រួចមីស៊ីលរុស្ស៊ី គួរតែនិយាយអំពីរថយន្តដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋប្រើប្រាស់វិញ» ៕ ម៉ែវ សាធី