ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រតិកម្មរហ័សនំាយកអំណោយប្រមាណ៦០កន្លែងផ្តល់ជូនដល់សិស្សដែលទើបប្រឡង បាក់ឌុប 

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី  និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអាហាររូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងពីគ្រឹះស្ថានសិក្សា ចំនួនប្រមាណ៦០កន្លែង ផ្តល់ជូនដល់ក្មួយៗសិស្សានុសិស្សដែលទើបនឹងប្រឡងបាក់ឌុបក្នុងឆ្នាំសិក្សា២០១៦នេះ នៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

អាហាររូបករណ៍ប្រមាណ៦០កន្លែងនោះ រួមមាន កំរិតបរិញ្ញាបត្រ៣១ កន្លែង បរិញ្ញាបត្ររង១០ កន្លែង និងជំនាញឯកទេសចំនួន៣០កន្លែង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្មួយៗយុវជនជាកូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពបន្តការសិក្សាក្រោយពីប្រឡងជាប់ និងធ្លាក់បាក់ឌុប និងសិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ ( កំរិតអនុវិទ្យាល័យ) លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា ការប្រគល់ជូនដល់យុវជនក្នុងឃុំកុមារាជាដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៦ គឺបាន បង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ពីព្រោះ ធនធានមនុស្ស គឺជាកត្តានិងជាទុនចាំបាច់ខ្វះមិនបានសម្រាប់ការកសាងប្រទេសជាតិអោយរីកចំរេីនជឿនលឿន ។

លោក ស្វាយ ស៊ីថា ក៏បានចែករំលែកផងដែរ នូវបទពិសោធន៍មួយចំនួនសម្រាប់តម្រង់ ទិសដៅអនាគតរបស់ក្មួយៗ ឲ្យមានការ សម្រេចចិត្តឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការជ្រើសរើសយកមុខវិជ្ជា និងជំនាញណាមួយដែលខ្លួនត្រូវបន្តការសិក្សានោះ គប្បីគិតអំពីការវិវត្តរីកចម្រើនរបស់ប្រទេសជាតិទៅមុខរយៈពេលពី៥ ឬ១០ ទៅ២០ឆ្នាំទៅមុខទៀត  និងត្រូវស្វែងយល់ពីទីផ្សារការងារ និងក៏ត្រូវរើសមុខជំនាញឲ្យសមស្របទៅនឹងសមត្ថភាព របស់ខ្លួន ។ ប៉ុន្តែ លោកស្វាយ ស៊ីុថាក៍បានសង្កត់ធ្ងន់ផងដែរថា ដើម្បីបានសម្រេចតាម ទិសដៅដែលជាជោគជ័យនៃការសិក្សានោះ គឺយុវជនទាំងអស់ត្រូវតែចូលរួមថែរក្សា និងធានាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយដែលគ្មានភាពវឹកវរចលាចលក្នុងសង្គម ទើបប្រទេសជាតិអាចរីកចម្រើនទៅបាន។

ក្នុងឱកាសនោះ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើដល់យុវជនផងដែរឲ្យខិតខំរៀនសូត្រឲ្យបានជោគជ័យ ដើម្បីយុវជនម្នាក់ៗ ក្លាយជាយុវជន យុវនារី ដែលមានផលប្រយោជន៍ ចំពោះខ្លួនឯង ផលប្រយោជន៍ចំពោះគ្រួសារ និងផលប្រយោជន៍ចំពោះសង្គមជាតិផងដែរ។ ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានជំរុញឲ្យក្មួយៗទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋដោយត្រូវតែទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីផ្តល់ជូននូវអាហាររូបករណ៍ដល់ក្មួយៗយុវជនរួចហើយនោះ លោក ស្វាយ ស៊ីថា ក៏បានចែកជូននូវថវិកាផ្ទាល់ខ្លួនប្រមាណ៤០ម៉ឺន រៀលសម្រាប់លើកទឹកចិត្តដល់យុវជន យុវនារី និងថវិកាមួយចំនួនទៀតជូនដល់លោកគ្រូបង្រៀនក្នុងឃុំដែលបានប្រឹងប្រែងសម្របសម្រួលដល់ក្មួយៗឲ្យបានជួបជុំពិភាក្សាគ្នាក្នុងការទទួលអាហាររូបករណ៍នៅថ្ងៃនេះ។

ក្រោយពេលបញ្ចប់ការសំណេះសំណាល លោក ស្វាយ ស៊ីថា ក៏បានធ្វើដំណើរចុះសួរសុខទក្ខផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនក្នុងឃុំ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីការអភិវឌ្ឍភូមិឃុំឲ្យបានកាន់តែរីកចម្រើន និងជាពិសេសគឺការពង្រឹងការអនុវត្តសេវា សាធារណៈនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ៕ ក្រុមប្រតិកម្មរហ័ស

851518217_24219 851439169_56905 851516321_23858


ចែករំលែក៖