ភ្នំពេញ ៖ សមាជិកចំនួន៥០នាក់នៃ គម្រោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេ ដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សម្រាប់ឲ្យយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងតំបន់បានបញ្ចប់ក្នុងពេលថ្មីៗកន្លងទៅនេះនូវសិក្ខាសាលាមាន ចំណងជើងថា “TechCamp Cambodia H2៖ ទ្រទ្រង់ផ្លូវទឹកល្អ នៅតំបន់មេគង្គក្រោម ដែលមានរយៈពេល២ថ្ងៃ ដោយអ្នកចូលរួមបានសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ ដើម្បីបង្កើតដំណោះស្រាយសម្រាប់ បញ្ហាប្រឈមរួមផ្នែកទឹក ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ និងទី២៥ ខែកញ្ញា នៅ Raintree Cambodia ដែលជាកន្លែងធ្វើការមានគំនិតច្នៃប្រឌិតនៅភ្នំពេញ។ ស្ថានទូតអាមេរិកបានធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលខេមរសិក្សា (CKS) ដើម្បីរៀបចំ និងដំណើរការ TechCamp នេះ ។ ក្រៅពីសមាជិកចំនួន ៥០នាក់នៃគម្រោង (YSEALI) ដែលជា តំណាងមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម មានអ្នកជំនាញផ្នែក បច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិចំនួន ២០នាក់ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី ឥណ្តូនេស៊ី និងនីហ្សេរីយ៉ា បានធ្វើជា គ្រូបង្រៀននៅក្នុងសិក្ខាសាលានេះ ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt ដែលបានថ្លែងនៅក្នុងពិធីបើកជាមួយ នឹងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានកម្ពុជាបានមាន ប្រសាសន៍ថា សមាជិក YSEALI ទាំងនេះតំណាងឲ្យចំនួនកាន់តែច្រើនឡើងនៃ យុវជនដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សបរិស្ថានសម្រាប់មនុស្សជំនាន់ ក្រោយ ។ ដោយមានសមាជិកចំនួនជាង ៦០០០នាក់នៅកម្ពុជា និងជាង១០០ ០០០នាក់នៅទូទាំងតំបន់អាស៊ានគម្រោងYSEALI បានក្លាយជាយានដ៏មានប្រសិទ្ធ ភាពសម្រាប់ផ្តល់ឲ្យយុវជននូវជំនាញធនធាន និងបណ្តាញដែលគេត្រូវការ ដើម្បីប្រែក្លាយគំនិតឲ្យទៅជាសកម្មភាព ។
បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់សហប្រជាជាតិមាន មនុស្សជាង៧០លាននាក់ ដែលរស់នៅក្នុងអាងទន្លេមេគង្គពឹងផ្អែកលើស្បៀង និងរបរ ចិញ្ចឹមជីវិតដែលបានមកពីប្រព័ន្ធទន្លេ ។ ទោះបីជាទន្លេមេគង្គនិងផ្លូវទឹកដទៃទៀតមានតួនាទីសំខាន់ចាំបាច់នៅក្នុងការពង្រីកផ្នែកសេដ្ឋកិច្ច និងសង្គមក្តី តែទន្លេនៅក្នុងតំបន់នេះប្រឈមនឹងការគំរាមកំហែងមួយចំនួន ដែលរួមមានការបំពុល ការនេសាទ ហួសកម្រិតនិងការអភិវឌ្ឍ ។ បំណង ចម្បងនៃសិក្ខាសាលា TechCamp H2 នេះគឺដើម្បីផ្តល់អំណាចដល់យុវជនដោយផ្តល់ ឲ្យពួកគេនូវមធ្យោបាយបានធ្វើជាអ្នកតស៊ូដ៏ល្អដោយខ្លួនគេ និងដើម្បីរកឲ្យឃើញ ដំណោះស្រាយរួមចំពោះបញ្ហាប្រឈម ដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវទឹក ។
គោលបំណងទី២នៃសិក្ខាសាលានេះគឺដើម្បីជំរុញការសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលអ្នកជំនាញជាច្រើនអះអាង ថា គឺជាវិធីមួយក្នុងចំណោមវិធីល្អបំផុត សម្រាប់ឲ្យប្រទេសនៅតំបន់មេគង្គក្រោមបង្កើនចំនួនអ្នកចេះដឹង និងបង្កើនមុខវិស័យនៃសេដ្ឋកិច្ចរបស់គេឲ្យមានច្រើនឡើង ។ ដោយបច្ចេកវិទ្យាមានសារសំខាន់កាន់តែច្រើនឡើងនៅក្នុងតំបន់សិក្ខាសាលានេះគឺជាផ្នែកចុងក្រោយមួយនៃការខិតខំជាបន្ត របស់សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត នៅក្នុងតំបន់ នៅក្នុងការលើកទឹកចិត្តឲ្យ យុវជនរៀនយកជំនាញ នៅក្នុងមុខវិជ្ជា STEM ។
សកម្មភាពនានាជាច្រើនត្រូវបានធ្វើ នៅចុងសប្តាហ៍នេះដែលរួមមានវគ្គរៀន សូត្រស៊ីជម្រៅ ការឡើងបកស្រាយជាក្រុម និងវិធីបែបថ្មីម្យ៉ាងដើម្បីធ្វើឲ្យអ្នកចូលរួម ម្នាក់ៗអាចធ្វើការជាមួយគ្រូម្នាក់ៗ ។ សិក្ខា សាលានេះមានឡើងស្របពេលជាមួយនឹងការអបអរសាទរនៅទូទាំងពិភពលោក នូវទិវាទន្លេពិភពលោកថ្ងៃទី២៥ ខែកញ្ញា ដែលមានបំណងបង្កើនការយល់ដឹងនៃសាធារណជន និងលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទន្លេ នៅជុំវិញ ពិភពលោក។ ជាមួយនឹងការចូលរួមយូរ អង្វែង ដែលមានឡើងតាមរយៈបណ្តាញដែលត្រូវបានបង្កើតឡើងការឆ្លើយឆ្លងគ្នាតាមអីុនធើណេតនិងគម្រោងសាកល្បងដែលទ្រទ្រង់ដោយថវិកាសម្រាប់ចាប់ផ្តើម គម្រោង (Seed grant) អ្នកចូលរួមក្នុងសិក្ខា សាលា TechCamp នេះរំពឹងថានឹងរក្សាការប្តេជ្ញាចិត្តចំពោះគោលបំណងនៃសិក្ខា សាលានេះ ហើយចូលរួមជាមួយអ្នកដទៃ នៅក្នុងការខិតខំទាំងអស់គ្នា ដើម្បីការពារ ផ្លូវទឹករបស់យើង ។
សិក្ខាសាលា TechCamp ដែលឧបត្ថម្ភដោយការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់ក្រសួងការបរទេសសហរដ្ឋ អាមេរិកបណ្តុះបណ្តាលក្រុមមនុស្សគោល ដៅវិធីប្រើមធ្យោបាយបច្ចកវិទ្យាដែល ចំណាយអស់សោហ៊ុយតិច ងាយយកទៅ អនុវត្ត និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក ដំណោះស្រាយសម្រាប់បញ្ហាប្រឈម របស់សង្គម ។ កន្លងមក TechCamp ចំនួន ៤០ត្រូវបានធ្វើនៅទូទាំងសាកលលោក លើប្រធានបទផ្នែកសុខភាពការអប់រំ ការផ្តល់អំណាចដល់ស្រ្តី ការចូលរួមទាំង អស់គ្នាក្នុងសង្គម ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាដើម ។ មនុស្សជាង២ ៣០០នាក់មកពីប្រទេសចំនួន១១០ បានចូលរួមនៅក្នុងសិក្ខាសាលា TechCamp។ បើចង់ដឹងបន្ថែមទៀត សូមចូល មើលគេហទំព័រ www.facebook.com/TechCampGlobal ៕
សហការី