ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥២៧៨ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ទាក់ទិននឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស ដែលមានជនត្រូវចោទមានខ្លួនចំនួន ១០នាក់ គឺ ១.ឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ ៤៤ឆ្នាំ ២.ឈ្មោះ ប៊ុន វិចិត្រ ភេទប្រុស អាយុ ១៤ឆ្នាំ ៣.ឈ្មោះ រីម ស៊ីសា ភេទប្រុស អាយុ ១៤ឆ្នាំ ៤.ឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ ១៥ឆ្នាំ ៥.ឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ ១៥ឆ្នាំ ៦.ឈ្មោះ ឆៃ វិច្ឆិកា ភេទប្រុស អាយុ ១៤ឆ្នាំ និងជនត្រូវចោទ ២នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៧.ឈ្មោះ ង៉ែត គឹមសេង ភេទប្រុស អាយុ ១៤ឆ្នាំ ៨.ឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ ១៤ឆ្នាំ ៩.ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ ១៦ឆ្នាំ ១០.ឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ ១៤ឆ្នាំ និងជនត្រូវចោទ ចំនួន ៤នាក់ទៀត កំពុង់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើង ឈ្មោះក្រុមបឹងឈូក (BCK) និងក្រុមប្លុកថ្នាំ (MT) មានគ្នាសរុបចំនួន ៨នាក់ បានគប់ទៅលើក្រុមក្មេងទំនើង ១ទៀត ឈ្មោះក្រុមដើមឆ័ត្រ (DC) ត្រូវរបងផ្ទះ និងម៉ូតូបណ្តាលឱ្យខូចខាតម៉ូតូ ១គ្រឿង ហើយក្រុមដើមឆ័ត្រ ក៏បានវាយ តបវិញ បណ្តាលឱ្យរងរបួស ១នាក់។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទចំនួន ៣នាក់ ឈ្មោះ ទេស លីម៉េង, ប៉ុន វិចិត្រ និង ញ៉ែម វង្សា និងសម្រេចដាក់ជនត្រូវចោទឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំនួន ៧នាក់ ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី, រឹម អ៊ុសា, ង៉ែត គឹមសេង, ផុន ម៉េងហួត, ឡាយ ហៃ, ឆៃ វិច្ឆិកា និង ហៃ យ៉ាកូ តាមមាត្រា ២២៦ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច