ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​មាស​បន្ត​កើន​ឡើង​ខ្ពស់​ ​មុន​ពេល​អាមេរិក​ទម្លាក់​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា

ចែករំលែក៖

សេដ្ឋកិច្ច​៖​ តម្លៃ​ហាង​ឆេង​មាស ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​តម្លៃ​ខ្ពស់​ដដែលនៅ​ថ្ងៃ​ទី១៥ ​ខែ​កញ្ញា ​ឆ្នាំ២០២៥ ដោយ​មាន​តម្លៃ ៤៣៩០ ដុល្លារ ក្នុង​មួយ​តម្លឹង នៅមុន​ពេលដែល​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក​ត្រៀម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា និង​ភាពតានតឹងភូមិសាស្ត្រនយោបាយ និង​សង្គ្រាមនៅតែបន្ត។

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង បាន​បញ្ជាក់​ថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើពិភពលោក ឆ្លុះបញ្ចាំង​អំពី​អស្ថិរភាព​នៃសេដ្ឋកិច្ចពិភពលោក ដូចជា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈ​បាតុ​កម្មនៅ​នេប៉ាល់​ជាដើម ដែល​បានជះ​ឥទ្ធិពល​ដល់ស្ថិរភាពសេដ្ឋកិច្ច​ពិភពលោក ហើយរុញ​ច្រាន​ឱ្យ​តម្លៃមាស​ស្ទុះ​ឡើង។​

​លោកប្រធានផ្នែកប្រឹក្សាយោបល់រូបនេះ​ បន្ថែមថា ​កំណើនការងារនៅអាមេរិកមិនមានការកើនឡើង​នោះទេ ដែលធ្វើឱ្យលុយដុល្លារ​ធ្លាក់ចុះ ​ខណៈសេដ្ឋកិច្ចអាមេរិក​ក៏ថយចុះ ហើយចំណូលគិតជាមួយ​ម៉ោងនៅ​អាមេរិក​ក៏មិនមានការកើនឡើង ​តែបែរជា​កើនឡើងអ្នកអត់ការងារធ្វើ ​ក៏ជាកត្តាធ្វើឱ្យមាសកើនឡើង។

គួរបញ្ជាក់ថា​ គិតត្រឹម​ម៉ោង ១០៖០០ ​ថ្ងៃទី១៥ ខែ​កញ្ញា ​ឆ្នាំ២០២៥ តម្លៃហាងឆេង​មាស​កំពុង​ជួញដូរ​ ៤ ៣៩០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់​ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់​ចេញ​ក្នុងតម្លៃ ៤៣៨ ដុល្លារ ក្នុងមួយជី៕ដោយ​៖តារា​


ចែករំលែក៖